(ហ្សឺណែវ)៖ បើតាមលោកវេជ្ជបណ្ឌិត ថេដ្រូស អាដាណម (Tedros Adhanom Ghebreyesus) ប្រមុខអង្គការសុខភាពពិភពលោក (WHO) បានឱ្យដឹងថា ជំងឺ COVID-19 បានឆក់យកជីវិតមនុស្សជាមធ្យម ៥០,០០០នាក់ ជារៀងរាល់សប្តាហ៍នៅទូទាំងពិភពលោក។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

លោក Tedros បានធ្វើការកត់សម្គាល់ដូចខាងលើនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅថ្ងៃពុធសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងហ្សឺណែវ)។ លោក Tedros បានថ្លែងថា «ឆ្នាំ២០២១ គឺជាឆ្នាំដែលយើងបានបាត់បង់ជីវិត មនុស្សប្រហែល ៣.៥លាននាក់ ដោយសារជំងឺ COVID-19 ដែលច្រើនជាងចំនួនអ្នកស្លាប់ដោយសារ ជំងឺអេដស៍ ជំងឺគ្រុនចាញ់ និងជំងឺរបេងបូកបញ្ចូលគ្នាចាប់តាំងពីឆ្នាំ ២០២០ ទៅទៀត... ហើយជំងឺ COVID-19 នៅតែបន្តឆក់យកជីវិតមនុស្សប្រមាណ ៥០,០០០នាក់ជារៀងរាល់សប្តាហ៍។ រហូតមកដល់ពេលនេះ ជំងឺឆ្លងរាតត្បាតដ៏កាចសាហាវនេះ បានឆក់យកជីវិតមនុស្សជាង ៥.៣លាននាក់ហើយនៅទូទាំងពិភពលោក ចាប់តាំងពីវាបានចាប់ផ្ដើមផ្ទុះឡើង»

លោក Tedros ធ្លាប់បានចេញមុខអំពាវនាវឱ្យមាន ការចែកចាយវ៉ាក់សាំងប្រកបដោយសមធម៌ ដែលវាគឺជាមធ្យោបាយមួយ ដើម្បីដោះស្រាយការឆ្លងរីករាលដាលនៃជំងឺ COVID-19 ដោយកត់សម្គាល់ថា គ្មានប្រទេសណាមានសុវត្ថិភាពឡើយ រហូតទាល់តែប្រទេសទាំងអស់មានសុវត្ថិភាព៕