(ស្ដុកខុល)៖ ក្រុមហ៊ុនបច្ចេកវិទ្យាមួយនៅក្នុងប្រទេសស៊ុយអែត ដែលបានផលិតបន្ទះឈីបដ៏តូចល្អិតមួយបង្កប់នៅក្រោមស្បែក បាន និងកំពុងធ្វើការផ្សព្វផ្សាយឧបករណ៍មួយនេះ សម្រាប់ការប្រើប្រាស់ជំនួសឱ្យបណ្ណចាក់វ៉ាក់សាំងបង្ការ ឬលិខិតបញ្ជាក់ពីលទ្ធផលតេស្ដអវិជ្ជមាន COVID-19 ដើម្បីងាយស្រួលក្នុងការធ្វើដំណើរ ទៅកាន់ទីសាធារណៈនានានៅក្នុងប្រទេស។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

ការបង្កប់បន្ទះឈីបនៅក្រោមស្បែក គឺជារឿងដ៏កម្រមួយ ប៉ុន្តែបច្ចុប្បន្នមានប្រជាជនស៊ុយអែតកាន់តែច្រើនឡើង សម្រេចចិត្តជ្រើសរើសប្រើប្រាស់បច្ចេកវិទ្យាមួយនេះ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដើម្បីចៀសវាងការភ្លេចភ្លាំងយកតាមខ្លួន ឬជំនួសឱ្យបណ្ណអាជីវកម្ម, បណ្ណសេវាដឹកជញ្ជូន និងថ្មីចុងក្រោយនោះគឺបណ្ណចាក់វ៉ាក់សាំង បង្ការ COVID-19 តែម្ដង។

បន្ទះឈីបបង្កប់នៅក្រោមស្បែកខាងលើអភិវឌ្ឍឡើងដោយក្រុមហ៊ុនស៊ុយអែត DSruptive Subdermals និងត្រូវបានគេរាយការណ៍មានផ្ទុកទិន្នន័យផ្ទាល់ខ្លួនរបស់ អ្នកប្រើប្រាស់។ ថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP លោក Hannes Sjoblad ជានាយកគ្រប់គ្រងមកពីក្រុមហ៊ុន DSruptive Subdermals បានលើកឡើងដូច្នេះថា «ខ្ញុំបានបង្កប់បន្ទះឈីបមួយនៅក្នុងដៃរបស់ខ្ញុំ... ខ្ញុំមានលិខិតឆ្លងដែន COVID-19 នៅលើបន្ទះឈីបនេះ ហើយនៅពេលខ្ញុំយកទូរស័ព្ទដៃស្កែនលើបន្ទះឈីប នោះវានឹងបញ្ចេញឯកសារ PDF មួយបញ្ជាក់បណ្ណចាក់វ៉ាក់សាំងនៅលើទូរស័ព្ទដៃរបស់ខ្ញុំ»

តែទោះជាយ៉ាងនេះក្ដី នៅតែមានការព្រួយបារម្ភជាច្រើនពីការបាត់បង់ទិន្នន័យផ្ទាល់ខ្លួន ឬការតាមដានណាមួយលើអ្នកប្រើប្រាស់ បើទោះជាខាងក្រុមហ៊ុនធានាថាការពារ ទិន្នន័យឯកជនរបស់អ្នកប្រើប្រាស់ក៏ដោយ៕