(ប៉េកាំង)៖ ឆ្នាំ២០២១ជិតផុតទៅហើយ ប៉ុន្តែវីរុសកូវីដ១៩នៅតែបន្តរីករាលដាលដដែល។ បើរំលឹកឡើងវិញពីរយៈពេលពីរឆ្នាំកន្លងទៅនេះអាចឃើញថា ជំងឺកូវីដ១៩ជាសកលបានធ្លាក់ក្នុងវដ្តដ៏អាក្រក់ «អាប់អួរ-បន្ធូរបន្ថយ-រីករាលដាលយ៉ាងខ្លាំងឡើងវិញ» ជាប់រហូតមក ហើយប្រទេសនិងតំបន់ខុសៗគ្នា បានក្លាយជាកន្លែងរីករាលដាលខ្លាំងបំផុតជាបន្តបន្ទាប់។ ការរីករាលដាលនៃជំងឺកូវីដ១៩ មានភាពធ្ងន់ធ្ងរឡើងវិញឥតឈប់ឈរ មិនត្រឹមតែបានពន្លឿនការប្រែប្រួល នៃស្ថានការណ៍អន្តរជាតិប៉ុណ្ណោះទេ ថែមទាំងក៏បាននាំមកនូវផលប៉ះពាល់ ដល់កំណើនសេដ្ឋកិច្ចសកលផងដែរ។

ក្នុងរយៈពេលពីរឆ្នាំកន្លងទៅនេះ បទពិសោធន៍ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាសកលបានបង្ហាញម្តងហើយម្តងទៀតថា ការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ មិនត្រូវធ្វើតែម្នាក់ឯងនោះទេ មានតែធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីភាព ទើបអាចមានកម្លាំងដ៏ខ្លាំងក្លា។

បើចង់ធ្វើកិច្ចសហប្រតិបត្តិការប្រកបដោយសាមគ្គីភាព ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នោះ ក៏ចាំបាច់ត្រូវបញ្ឈប់ការលេងកលល្បិចខាងនយោបាយ។ ប៉ុន្តែ ប្រទេសមួយចំនួន បានលេងកលល្បិចខាងនយោបាយយ៉ាងគឃ្លើន ដូចជាយកវីរុសធ្វើជាលេស ដើម្បីដាក់បន្តុះបង្ខូចកិត្តិយសគ្នា និងធ្វើឱ្យបញ្ហាតាមដានរកប្រភពដើមនៃវីរុស ទៅជាកិច្ចការនយោបាយជាដើម ដើម្បីស្វែងរកផលប្រយោជន៍ផ្ទាល់ខ្លួន។ ទង្វើទាំងនេះមិនត្រឹមតែបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ស្ថានភាពទូទៅនៃការប្រយុទ្ធប្រឆាំងនឹង ជំងឺកូវីដ១៩សកលប៉ុណ្ណោះទេ ថែមទាំងក៏បានបាត់បង់អាយុជីវិត ដ៏ច្រើនរាប់មិនអស់ផងដែរ។ នៅចំពោះមុខស្ថានការណ៍បង្ការ និងគ្រប់គ្រងជំងឺកូវីដ១៩ ដ៏តឹងរ៉ឹងនាពេលបច្ចុប្បន្ន សហគមន៍អន្តរជាតិចាំបាច់ត្រូវរួមគ្នាខិតខំប្រឹងប្រែង ដើម្បីប្រយុទ្ធប្រឆាំង និងយកឈ្នះលើជំងឺកូវីដ១៩ ដោយអាកប្បកិរិយាយ៉ាងហ្មត់ចត់បែបវិទ្យាសាស្ត្រ ក៏ដូចជាទប់ទល់នឹងរាល់ទង្វើទាំងអស់ ដែលផ្ទុយនឹងស្មារតីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដោយសាមគ្គីគ្នាផងដែរ។

បើចង់ធ្វើកិច្ចសហប្រតិបត្តិការដោយសាមគ្គីគ្នា ក៏ចាំបាច់ត្រូវប្រកាន់ខ្ជាប់ការអភិវឌ្ឍរួម។ ប្រឈមមុខនឹងផលប៉ះពាល់ដ៏ធ្ងន់ធ្ងរ ដែលបណ្តាលមកពីជំងឺកូវីដ១៩ ប្រទេសនានាលើពិភពលោក ចាំបាច់ត្រូវខិតខំប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ជំរុញឱ្យសម្រេចបាននូវការអភិវឌ្ឍសកល ដែលមានភាពកាន់តែខ្លាំងក្លា បៃតងនិងល្អប្រសើរ។

ភារកិច្ចជាបន្ទាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ សកលនាពេលបច្ចុប្បន្ន គឺលុបចោល «គម្លាតខ្លាំងក្នុងការចែកចាយវ៉ាក់សាំង»។ នៅពេលដំបូងនៃការផ្ទុះជំងឺកូវីដ១៩ ប្រទេសចិនក៏បានលើកឡើងថា ត្រូវចាត់ទុកវ៉ាក់សាំងជំងឺកូវីដ១៩ ជាផលិតផលសាធារណៈសកល។ គិតមកទល់បច្ចុប្បន្ននេះ ប្រទេសចិនបានផ្តល់វ៉ាក់សាំងលើសពី ១,៨០០លានដូស ដល់ប្រទេសនិងអង្គការអន្តរជាតិជាង ១២០ នៅលើពិភពលោក។

ក្នុងពិធីអបអរសាទរការផ្តល់វ៉ាក់សាំងដោយជោគជ័យ របស់ប្រទេសចិនលើកទី ៧ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា ជោគជ័យនៃយុទ្ធនាការជាតិចាក់វ៉ាក់សាំងរបស់កម្ពុជា គឺមិនអាចកាត់ផ្តាច់ចេញពីការផ្តល់ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយប្រទេសចិនបានឡើយ វ៉ាក់សាំងដែលមានប្រភពមកពីប្រទេសចិន ជាកូនសោគន្លឹះក្នុងការការពារសុខភាពសាធារណៈ និងជួយសង្គ្រោះប្រជាជនកម្ពុជា។

«វ៉ាក់សាំងរបស់ចិនមានសង្ឃឹមក្លាយជា ខ្សែជីវិតរបស់ប្រទេសកំពុងអភិវឌ្ឍន៍» កាសែត The New York Times របស់សហរដ្ឋអាមេរិក បានចុះផ្សាយបទអត្ថាធិប្បាយថា បន្ទាប់ពីកើតជំងឺកូវីដ១៩មក ប្រទេសចិនបានខិតខំប្រឹងប្រែងចាត់ទុកវ៉ាក់សាំងជំងឺកូវីដ១៩ ជាផលិតផលសាធារណៈសកល ដើម្បីជំរុញភាពអាចទទួលបាន និងភាពអាចរ៉ាប់រងបានរបស់វ៉ាក់សាំង ក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

ប្រទេសចិនបានបង្កើតរបាំងភាពស៊ាំដ៏រឹងមាំដល់ពិភពលោក តាមរយៈការអនុវត្តជាក់ស្តែងរបស់ខ្លួន ហើយក៏បានដើរតួនាទីដ៏សំខាន់ ក្នុងការណែនាំកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ទូទាំងពិភពលោកផងដែរ។ ប្រទេសចិននឹងបន្តអនុវត្តតាមពាក្យសន្យា ដែលនឹងខិតខំប្រឹងប្រែងផ្តល់វ៉ាក់សាំងចំនួន ២ពាន់លានដូស ដល់ទូទាំងពិភពលោក និងរួមវិភាគទានវ៉ាក់សាំងឥតសំណងចំនួន ១រយលានដូសទៀត ចំពោះប្រទេសកំពុងអភិវឌ្ឍន៍ក្នុងឆ្នាំ២០២១។

ការរីករាលដាលនៃជំងឺកូវីដ១៩ បានផ្ទុះឡើងម្តងហើយម្តងទៀតបានបង្ហាញថា មនុស្សជាតិជាសហគមន៍រួមវាសនា ដែលរួមសុខរួមទុក្ខជាមួយគ្នា។ ក្នុងយុគសម័យនៃការធ្វើសកលភាវូបនីយកម្មសេដ្ឋកិច្ច មនុស្សជាតិនឹងត្រូវប្រឈមនូវបញ្ហាសន្តិសុខ មិនមែនប្រពៃណីគ្រប់បែបយ៉ាងឥតឈប់ឈរ។ «ការប្រយុទ្ធប្រឆាំងជំងឺឆ្លងរៀងៗខ្លួន» មិនសមស្របនឹងយុគសម័យនេះឡើយ ហើយ «ការរួមគ្នាខិតខំប្រឹងប្រែងនិងផ្តល់មធ្យោបាយជាមួយគ្នា» ទើបអាចទប់ទល់នឹងរាល់បញ្ហាប្រឈមទាំងអស់។ ប្រឈមមុខនឹងហានិភ័យនិងបញ្ហាប្រឈម មានតែធ្វើកិច្ចសហប្រតិបត្តិការ ដោយរួមចិត្តរួមកម្លាំងនោះទេ ទើបអាចទទួលបានជោគជ័យនៅទីចុងបំផុត៕ (#CCFR Comment#)