(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន ដែលទើបឡើងកាន់តំណែងនេះ មិនទាន់បានគ្រប់មួយឆ្នាំផងនោះ បានលើកឡើងថា លោកនឹងឈរឈ្មោះបោះឆ្នោត សម្រាប់អាណត្តិទី ២ នៅឆ្នាំ២០២៤ ខាងមុខនេះទៀត ប្រសិនបើលោកនៅមានសុខភាពល្អ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ឆ្នាំ២០២១។

ការឆ្លើយតបរបស់លោក ចូ បៃដិន ខាងលើនេះ បានកើតមានឡើងបន្ទាប់ពី ពិធីករទូរទស្សន៍ ABC News លោក ដេវីដ មៀរ (David Muir) បានចោទសួរប្រធានាធិបតីអាមេរិកវ័យ ៧៩ឆ្នាំរូបនេះ អំពីចេតនាក្នុងការចូលរួម ឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក សម្រាប់អាណត្តិទី ២ របស់លោក នៅក្នុងឆ្នាំ២០២៤ ខាងមុខ។

លោក ចូ បៃដិន ធ្លាប់បានសន្យាកាលពីអំលុងយុទ្ធនាការឃោសនាបោះឆ្នោត កាលពីឆ្នាំ២០២០ថា លោកនឹងកាន់តំណែងឲ្យបាន ២ អាណត្តិ ឬស្មើនឹងរយៈពេល ៨ឆ្នាំ ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនៅអាណត្តិទី ១។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុននេះ លោកស្រី ការីន ហ្សន ភីរ៉េ (Karine Jean-Pierre) មន្ត្រីជាន់ខ្ពស់ទទួលបន្ទុកឆ្លើយឆ្លងព័ត៌មាន ប្រចាំនៅសេតវិមានទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា លោក ចូ បៃដិន នៅតែមានចេតនា ក្នុងការឈរឈ្មោះបោះឆ្នោតប្រធានាធិបតីអាមេរិក នៅឆ្នាំ២០២៤ សម្រាប់អាណត្តិទី ២ របស់លោកជាមួយលោកស្រីអនុប្រធានាធិបតី កាម៉ាឡា ហារីស (Kamala Harris) ខណៈសេចក្តីរាយការណ៍របស់កាសែត The Wall Street Journal នៅមុននោះទៀតបានបញ្ជាក់ថា លោកស្រី Harris មិនទាន់បានពិភាក្សាជាមួយលោក ចូ បៃដិន អំពីរឿងនេះនៅឡើយទេ៕