(ហ្សឺណែវ)៖ ប្រមុខអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានព្រមានថាការប្រញាប់ប្រញាលរបស់បណ្ដាប្រទេសអ្នកមាន ក្នុងការចាក់វ៉ាក់សាំងបង្ការ COVID-19 ដូសជំរុញ គឺអាចនឹងធ្វើឱ្យមានវិសមភាពនៃការទទួលបានវ៉ាក់សាំងកាន់តែខ្លាំង ដែលនឹងអូសបន្លាយការឆ្លងរាតត្បាតជំងឺមួយនេះ កាន់តែយូរផងដែរ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែធ្នូ ២០២១។

លោក Tedros ធ្វើការកត់សម្គាល់ខាងលើ នៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃពុធសប្ដាហ៍នេះ ដោយទទូចឱ្យនៅតែបន្តរក្សាការផ្ដល់វ៉ាក់សាំងជាអាទិភាពដល់មនុស្ស ងាយរងគ្រោះ ជាជាងចាក់វ៉ាក់សាំងបន្ថែម ឬដូសជំរុញដល់អ្នកដែលបានចាក់វ៉ាក់សាំងរួចហើយ។ លោកបន្ថែមទៀតថា ផែនការចាក់វ៉ាក់សាំងដូសជំរុញរបស់បណ្ដា ប្រទេសអ្នកមាន អាចនឹងបង្កជាហានិភ័យអូសបន្លាយពេលក្នុងការប្រយុទ្ធប្រឆាំងជាមួយ COVID-19។

គួរបញ្ជាក់ថា បើតាមទិន្នន័យរបស់អង្គការសហប្រជាជាតិ, ប្រជាជន ៦៧ភាគរយនៅក្នុងបណ្ដាប្រទេសអ្នកមាន ទទួលបានការចាក់វ៉ាក់សាំងបង្ការ COVID-19 យ៉ាងហោច ដូសទី១ ខណៈប្រជាជនត្រឹមតែ ១០ភាគរយប៉ុណ្ណោះនៅតាមបណ្ដាប្រទេសក្រីក្រទទួលបានការចាក់វ៉ាក់សាំងយ៉ាងហោចដូសទី១៕