(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃពុធនេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៦,៥៥៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារពត៌មាន Viet Nam News នៅយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១។

ករណីឆ្លងខាងលើជាករណីឆ្លងក្នុងស្រុកទាំងអស់។ រដ្ឋធានីហាណូយដែលបច្ចុប្បន្នកំពុងប្រែក្លាយជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,៦៤៦ករណី ខណៈហូជីមិញបានរាយការណ៍ ចំនួន៩៧៩ករណីដោយមានការធ្លាក់ចុះច្រើន។ ចំណែកខេត្តដែលមានករណីឆ្លងច្រើនដែរនោះគឺរួមមានដូចជា ខេត្ត Cà Mau ចំនួន១,១៩៣ករណី, ខេត្ត Tây Ninh ចំនួន៩២៣ករណី និងខេត្ត Vĩnh Long ចំនួន៨៤៦ករណី។

ក្នុងរបាយការណ៍ថ្ងៃពុធនេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២១០នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៥៨៨,៣៣៥នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,១៧៣,៤៨៤នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ៣០,២៥១នាក់៕