(វ៉ាស៉ីនតោន)៖ សេតវិមានបានឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានហាមឃាត់ការផ្តល់ជំនួយដែលមិនមែនជាគោលដៅមនុស្សធម៌ ទៅដល់ប្រទេស កូរ៉េខាងជើងសម្រាប់ឆ្នាំសារពើពន្ធ២០២២ ដោយចោទប្រកាន់ថាប្រទេសនេះ បានប្រព្រឹត្តអំពើជួញដូរមនុស្ស។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មាន Yonhap នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

វាជាឆ្នាំទី១៩ ជាប់ៗគ្នាហើយ ដែលប្រធានាធិបតីអាមេរិក បានចាត់វិធានការបែបនេះប្រឆាំងនឹងទីក្រុងព្យុងយ៉ាង។ នៅក្នុងឯកសារអនុស្សរណៈរបស់ ប្រធានាធិបតីអាមេរិក ដែលបានបង្ហោះនៅលើគេហទំព័រសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ (ពេលវេលានៅទីក្រុងវ៉ាស៊ីនតោន) លោក ចូ បៃដិន បានបញ្ជាក់ថា សហរដ្ឋអាមេរិកនឹងមិនផ្តល់ «ជំនួយដែលមិនមែនជាគោលដៅមនុស្សធម៌ និងមិនមែនជាគោលដៅពាណិជ្ជកម្ម» ឬអនុញ្ញាតឱ្យផ្តល់មូលនិធិសម្រាប់ការចូលរួមក្នុងកម្មវិធី ផ្លាស់ប្តូរការអប់រំ និងវប្បធម៌ដោយក្រុមមន្ត្រីកូរ៉េខាងជើង និងបណ្ដាប្រទេសដែលបានកំណត់ផ្សេងទៀតឡើយ។

ការហាមឃាត់ នឹងនៅតែមានរហូតទាល់តែរដ្ឋាភិបាលនៃបណ្ដាប្រទេសដែលបានកំណត់អនុលោមតាម «ស្តង់ដារអប្បបរមា» ឬធ្វើការខិតខំប្រឹងប្រែងយ៉ាងខ្លាំងដើម្បី នាំខ្លួនពួកគេឱ្យអនុលោមតាមស្តង់ដារអប្បបរមា។ ស្តង់ដារអប្បបរមា ត្រូវបានចែងនៅក្នុងសហរដ្ឋអាមេរិក ជាច្បាប់ការពារជនរងគ្រោះដោយការជួញដូរ កាលពីឆ្នាំ២០០០។ ការហាមឃាត់នេះ ក៏នឹងអនុវត្តចំពោះក្រុមមន្ត្រីនៃប្រទេសគុយបា រុស្ស៉ី ស៉ីរី និងបណ្ដាប្រទេសដទៃមួយចំនួនទៀតផងដែរ។

ការចេញរបាយការណ៍ប្រចាំឆ្នាំអំពីការជួញដូរមនុស្សក្នុងខែកក្កដា ក្រសួងការបរទេសអាមេរិក បានកំណត់កូរ៉េខាងជើងថាជាប្រទេសមួយដែលប្រព្រឹត្តអំពើជួញដូរ មនុស្សក្នុងរយៈពេល ១៩ឆ្នាំជាប់ៗគ្នា ហើយប្រទេសនេះមិនបានបំពេញតាម «ស្តង់ដារអប្បបរមា» ពេញលេញសម្រាប់ការលុបបំបាត់ការជួញដូរនោះទេ៕