(វ៉ាស៊ីនតោន)៖ រដ្ឋបាលចំណីអាហារ និងឱសថអាមេរិក (FDA) បានអនុម័តឱ្យប្រើប្រាស់ថ្នាំចាក់បង្ការមេរោគ HIV ជាលើកដំបូងបំផុតនៅក្នុងសហរដ្ឋអាមេរិក ដែលជាផ្នែកមួយនៃការបង្កើនកិច្ចខិតខំប្រឹងប្រែង ទប់ស្កាត់មេរោគ HIV និងជំងឺអេដស៍ (AIDS)។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នៅល្ងាចថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

ថ្នាំចាក់បង្ការមេរោគ HIV មានឈ្មោះថា អាព្រីធូដ (Apretude ឬ cabotegravir) ត្រូវបានអនុម័តឱ្យប្រើលើមនុស្សពេញវ័យ ដែលមានហានិភ័យខ្ពស់ និងមនុស្សជំទង់ដែលមានទម្ងន់យ៉ាងហោច ៣៥គីឡូក្រាម ដើម្បីកាត់បន្ថយហានិភ័យឆ្លងមេរោគ HIV ខណៈថ្នាំនេះត្រូវបានគេរាយការណ៍ថា មានប្រសិទ្ធភាពដល់ទៅ ៩៩ភាគរយឯណោះ។

គួរបញ្ជាក់ថា ថ្នាំចាក់បង្ការមេរោគ HIV មានឈ្មោះថា Apretude ត្រូវបានតម្រូវឱ្យចាប់ផ្តើមចាក់ ក្នុងដំណាក់កាលដំបូងចំនួន ២លើក ដោយទុកចន្លោះពេលមួយខែពីគ្នា ហើយដំណាក់កាលក្រោយមកទៀត ទើបតម្រូវឲ្យចាក់វារៀងរាល់ ២ខែម្ដង។ តាមរយៈថ្នាំចាក់បង្ការនេះ គេក៏រំពឹងដែរថា វានឹងជួយពង្រឹងកិច្ចខិតខំប្រឹងប្រែង ប្រយុទ្ធប្រឆាំងនឹងមេរោគ HIV-អេដស៍ និងសម្រួលដល់អ្នកដែលមិនចង់ ប្រើប្រាស់ថ្នាំគ្រាប់លេបប្រចាំថ្ងៃ៕