(អង់តាណាណារីវ)៖ រដ្ឋមន្ត្រីម្នាក់នៃប្រទេសម៉ាដាហ្កាស្កា ស្ថិតក្នុងចំណោមអ្នកនៅរស់រានមានជីវិតពីរនាក់ ដែលបានហែលទឹកប្រហែល ១២ម៉ោង ដើម្បីឆ្ពោះទៅកាន់ដីគោក កាលពីថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេ បានធ្លាក់លើផ្ទៃសមុទ្រ នៅក្បែរតំបន់ឆ្នេរភាគឦសាន នៃប្រទេសអាហ្រ្វិកខាងកើតមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន CGTN នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

ក្រុមប៉ូលិសនិងអាជ្ញាធរកំពង់ផែ បាននិយាយថា ការស្វែងរកនៅតែកំពុងបន្តសម្រាប់អ្នកដំណើរពីរនាក់ទៀត បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេ បានធ្លាក់កាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ខណៈមូលហេតុនៃការធ្លាក់ឧទ្ធម្ភាគចក្រនោះ មិនទាន់ត្រូវបានដឹងច្បាស់នៅឡើយទេ។

ប្រធានអាជ្ញាធរកំពង់ផែ លោក ហ្សង់ អេដម៉ង់ រ៉ង់ឌ្រីយ៉ង់អង់ទេណៃណា (Jean-Edmond Randrianantenaina) បាននិយាយថា លោក សឺហ្កេ ហ្កេឡេ (Serge Gelle) ដែលជារដ្ឋមន្រ្តីក្រសួងប៉ូលិស និងមន្រ្តីប៉ូលិសម្នាក់ទៀត បានហែលទឹកទៅដល់ទីក្រុងជាប់មាត់សមុទ្រ ម៉ាហាំបូ (Mahambo) ដោយឡែកពីគ្នា នៅព្រឹកថ្ងៃអង្គារសប្ដាហ៍នេះ បន្ទាប់ពីពួកគេបានលោតចេញពីឧទ្ធម្ភាគចក្រដែលធ្លាក់។ លោក Serge Gelle បាននិយាយថា «ពេលវេលាស្លាប់របស់ខ្ញុំ មិនទាន់មកដល់នៅឡើយទេ»

លោក Gelle បានក្លាយជារដ្ឋមន្ត្រី តាមរយៈការរុះរើគណៈរដ្ឋមន្ត្រី កាលពីខែសីហា ឆ្នាំ២០២១នេះ បន្ទាប់ពីលោកបម្រើការក្នុងជួរប៉ូលិសអស់រយៈពេល ០៣ទសវត្សរ៍។

គួរបញ្ជាក់ថា ឧទ្ធម្ភាគចក្រដែលធ្លាក់ខាងលើ មានគោលដៅដឹករូបលោក និងក្រុមការងារ ដើម្បីទៅពិនិត្យមើលទីតាំងករណីលិចកប៉ាល់មួយកន្លែង នៅក្បែរឆ្នេរភាគឦសាននៃប្រទេសម៉ាដាហ្កាស្កា កាលពីព្រឹកថ្ងៃចន្ទសប្តាហ៍នេះ។ បើតាមចំនួនផ្លូវការចុងក្រោយ ដែលបានរាយការណ៍កាលពីថ្ងៃអង្គារសប្ដាហ៍នេះ យ៉ាងហោចណាស់ មនុស្ស ២១នាក់បានស្លាប់ និងប្រហែល ៦០នាក់ទៀតបានបាត់ខ្លួន នៅក្នុងឧប្បតិ្តហេតុលិចកប៉ាល់នោះ៕