(ណៃពិដោ)៖ មនុស្សយ៉ាងហោច៧០នាក់ កំពុងបាត់ខ្លួន និងម្នាក់បានបាត់បង់ជីវិត នៅថ្ងៃពុធនេះ បន្ទាប់ពីមានករណីគ្រោះរលំបាក់ដី នៅទីតាំងជីករុករកត្បូងមួយកន្លែង ស្ថិតក្នុងតំបន់ភាគខាងជើងនៃប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

ក្រុមអ្នកជួយសង្រ្គោះបានប្រាប់ដូច្នេះថា «មនុស្សចន្លោះប្រហែល៧០-១០០នាក់ កំពុងតែបាត់ខ្លួន ក្នុងករណីគ្រោះបំណាក់ដី ដែលបានកើតឡើង កាលពីវេលាម៉ោងខ្ទង់ ៤ទាបភ្លឺថ្ងៃពុធនេះ នៅឯអណ្តូងរ៉ែត្បូងនៅតំបន់ ផាកាន់ (Hpakant) ក្នុងរដ្ឋកាឈីន (Kachin) ភាគខាងជើងប្រទេស»។ ពួកគេបានបញ្ជូនមនុស្ស២៥នាក់ ដែលរងរបួសទៅកាន់មន្ទីរពេទ្យ និងរកឃើញអ្នកស្លាប់ម្នាក់ ខណៈប្រតិបត្តិការរុករក កំពុងបន្តប្រព្រឹត្តទៅយ៉ាងសកម្ម។

គួរបញ្ជាក់ថា គ្រោះរលំបាក់ដីអាក្រក់ៗ និងគ្រោះថ្នាក់ដទៃទៀត តែងកើតមានឡើងជារឿយៗ នៅកន្លែងជីករុករកត្បូងក្នុងតំបន់ Hpakant ដែលជាកន្លែងអាជីវកម្មរុករកត្បួងថ្លើមថ្មធំជាងគេរបស់ប្រទេសមីយ៉ាន់ម៉ា នៅរដ្ឋកាឈីន។ កាលពីខែកក្កដា ឆ្នាំ២០២០ មនុស្សរហូតដល់ជាង១៧០នាក់ ដែលភាគច្រើនជាជនចំណាកស្រុក បានស្លាប់ក្នុងហេតុការណ៍ដ៏អាក្រក់បំផុតមួយប្រចាំតំបន់ Hpakant ដោយសារគ្រោះរលំបាក់ដីដូចគ្នា៕