(ម៉ូស្គូ)៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះបានព្រមានថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេច ដើម្បីឆ្លើយតបដោយកម្លាំងយោធាទៅនឹង «សកម្មភាពអមិត្ត» របស់បណ្ដាប្រទេសលោកខាងលិច ជុំវិញជម្លោះអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Bangkok Post នៅរសៀលថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំ២០២១។

ការព្រមានរបស់លោក ពូទីន ត្រូវបានធ្វើឡើងនៅក្នុងកិច្ចប្រជុំ ជាមួយក្រុមមន្ត្រីនៃក្រសួងការពារជាតិរុស្ស៊ី។ លោក ពូទីន បានបញ្ជាក់យ៉ាងដូច្នេះថា «បណ្ដាប្រទេសលោកខាងលិច នៅតែបន្តរក្សាជំហរយ៉ាងគឃ្លើនរបស់ខ្លួន ហើយរុស្ស៊ីនឹងចាត់វិធានការឆ្លើយតប ទៅនឹងរាល់សកម្មភាពអមិត្ត ទៅតាមសិទ្ធិដែលខ្លួនមានដើម្បីការពារខ្លួន»

តែព្រមពេលជាមួយគ្នា បុរសខ្លាំងរុស្ស៊ីរូបនេះក៏បានអំពាវនាវផងដែរ ឱ្យមានកិច្ចចរចាដ៏ប្រាកដប្រជាមួយ ស្ដីពីតម្រូវការសន្តិសុខដែលរុស្ស៊ីបានលើកឡើង ទៅកាន់អង្គការ NATO និងសហរដ្ឋអាមេរិក កំឡុងកិច្ចសន្ទនាលើកដំបូងតាមទូរស័ព្ទ ជាមួយអធិការបតីអាល្លឺម៉ង់ថ្មី លោក អូឡាហ្វ សូលស៍ (Olaf Scholz)។

គួរបញ្ជាក់ថា ប្រទេសរុស្ស៊ី និងសហរដ្ឋអាមេរិក រួមទាំងសហភាពអឺរ៉ុប បានចោទប្រកាន់ដាក់គ្នាទៅវិញទៅមក អស់រយៈពេលជាច្រើនសប្ដាហ៍មកហើយថា ជាអ្នកបង្កឱ្យមានភាពតានតឹងដូចសព្វថ្ងៃ ស្របពេលមន្ត្រីចារកម្មអាមេរិក និងអឺរ៉ុបព្រមានថា រុស្ស៊ីអាចនឹងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ុយក្រែន នៅខែមករា ឬនៅដើមខែកុម្ភៈ ឆ្នាំ២០២២ ខណៈរុស្ស៊ីក៏បានច្រានចោលការចោទប្រកាន់ទាំងនេះ ជាច្រើនលើករួចមកហើយដែរ៕