(ប៉េកាំង)៖ «不要人夸颜色好,只留清气满乾坤» ឃ្លាបុរាណនេះមានប្រភពមកពីស្នាដៃកំណាព្យរបស់លោក Wang Mian កវីនៅរាជវង្ស Yuan របស់ប្រទេសចិន។ ឃ្លានេះមានន័យថា ផ្កាអង្គាសីល មិនដែលបង្អួតពីពណ៌ឆើតរបស់វា ដើម្បីទទួលការកោតសរសើរទេ គឺគ្រាន់តែចង់ចោលក្លិនក្រអូប របស់វានៅលើ ផែនដីតែប៉ុណ្ណោះ។

ឃ្លាបុរាណមួយនេះក៏ពាក់ព័ន្ធនឹងការ «លត់ដំចរិត»។ ក្នុងវប្បធម៌ប្រពៃណីចិនដ៏ល្អផូរផង់ បានយកចិត្តទុកដាក់ខ្ពស់ជាពិសេសចំពោះការលត់ដំចរិតខ្លួនឯង។ ការលត់ដំ ចរិតខ្លួនឯងក៏មានសារៈសំខាន់ជាពិសេសក្នុងជីវភាពសង្គម និងការអភិវឌ្ឍសង្គមនាពេលបច្ចុប្បន្ននេះផងដែរ។ ជាបន្តទៅនេះ យើងមកស្វែងយល់អំពីកម្មករសាមញ្ញ មួយរូប។ លោក Li Wanjun គឺជាជាងផ្សារនៃក្រុមហ៊ុន CRRC Changchun Rail Bus។ លោក Li Wanjun ជាជាងផ្សារ Bogie របស់ផ្លូវដែកល្បឿនលឿន។

Bogie ប្រៀបបាននឹងជើងទាំងពីរនៃផ្លូវដែកល្បឿនលឿនដែលពាក់ព័ន្ធនឹងល្បឿន និងសុវត្ថិភាពនៃផ្លូវដែកល្បឿនលឿន។ នៅក្នុងការបើកបរដោយល្បឿនលឿន ទោះបីជាកម្ទេចអាចម៍ដែកតូចមួយ ក៏នឹងអាចនាំមកនូវគ្រោះថ្នាក់កំបាំងដល់សុវត្ថិភាពនៃផ្លូវដែកល្បឿនលឿនទាំងមូលដែរ។ រយៈពេលជាង ៣០ឆ្នាំមក លោក Li Wanjun ធ្វើឱ្យផលិតផលក្លាយជាស្នាដៃសិល្បៈគាត់ត្រូវបានគេប្រសិទ្ធនាមថាជា «អ្នកជំនាញផ្សារផ្លូវដែកល្បឿនលឿន»

បច្ចេកទេសផ្សារដោយដៃរបស់លោកតំណាងឱ្យកម្រិតខ្ពស់បំផុតនៃ Bogie របស់ផ្លូវដែកល្បឿនលឿននៅលើពិភពលោកនាពេលបច្ចុប្បន្ននេះ។ លោកបានប្រើប្រដាប់ ផ្សារដែកជាមួយ និងបច្ចេកទេសផ្សារដែកដ៏ឆ្នើម និងអាកប្បកិរិយាការងារដ៏ម៉ត់ចត់ បង្ហាញពីអាកប្បកិរិយាម៉ឺងម៉ាត់របស់ជាងផ្សារនៃប្រទេសចិន។ លោក Li Wanjun ធ្លាប់និយាយពាក្យដ៏ល្បីល្បាញមួយឃ្លាថា ធ្វើបច្ចេកទេសឱ្យបានល្អបំផុត ចាត់ទុករាល់ផលិតផលទាំងអស់ជាស្នាដៃសិប្បកម្មនិងស្នាដៃសិល្បៈ។ នេះជាស្មារតីសិប្បករមួយប្រភេទ ដែលបង្កប់នូវការលត់ដំចរិតខ្លួនឯងយ៉ាងតឹងរ៉ឹងក្នុងតួនាទីការងារធម្មតា។ នៅចុងបញ្ចប់នៃកម្មវិធីថ្ងៃនេះ សូមរំលឹកឡើងវិញពីឃ្លា «不要人夸颜色好,只留清气满乾坤»។ ឃ្លាបុរាណនេះរំលឹកយើងថា យើងត្រូវធ្វើតឹងរ៉ឹងចំពោះខ្លួនឯងគ្រប់ពេលវេលា ព្រមទាំងពង្រឹងឧត្តមគតិនិងជំនឿរបស់ខ្លួន៕