(ប៉េកាំង)៖ «សម្ព័ន្ធ Five Eyes» ដែលបានបង្កើតឡើងដោយសហរដ្ឋអាមេរិក អង់គ្លេស កាណាដា អូស្ត្រាលី និងនូវែលហ្សេឡង់ បានចេញផ្សាយអ្វីដែលហៅថា សេចក្តីថ្លែងការណ៍រួមថ្នាក់រដ្ឋមន្ត្រីការបរទេសនៅថ្ងៃទី ២០ ខែធ្នូ ដោយបាននិយាយថា អ៊ីចេះថាអ៊ីចុះ ចំពោះការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលទី ៧ នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន ដែលទើបបិទបញ្ចប់ដោយរលូន កាលពីថ្មីៗកន្លងទៅនេះ ហើយបានមួលបង្កាច់ថា ការបោះឆ្នោតលើកនេះបាន «កាត់កម្សោយនូវសិទ្ធិនិងផលប្រយោជន៍ សេរីភាពនិងស្វ័យភាពរបស់ហុងកុង ក៏ដូចជាលើកឡើងម្តងទៀតនូវ សេចក្តីថ្លែងការណ៍រួមរវាងចិន និងអង់គ្លេស» ផងដែរ។

ការបោះឆ្នោតលើកនេះ គឺជាការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិលើកដំបូង បន្ទាប់ពីប្រព័ន្ធបោះឆ្នោតនៃតំបន់រដ្ឋបាលពិសេសហុងកុង បានមានសុក្រឹត្យភាពរួចហើយ។ បើមើលពីក្បួនច្បាប់បោះឆ្នោតអាចឃើញថា បានធ្វើឱ្យអាសនៈមានការកើនឡើងផង ហើយក៏បានកែសម្រួលជាថ្មីឡើងវិញ នូវវិធីបែងចែកអាសនៈផងដែរ ក្នុងគោលបំណងគាំពារយ៉ាងប្រាកដប្រជា នូវផលប្រយោជន៍ទាំងមូលរបស់សង្គមហុងកុង និងផលប្រយោជន៍របស់គ្រប់មជ្ឈដ្ឋានស្រទាប់។ បើមើលពីដំណើរការបោះឆ្នោតអាចឃើញថា ការបោះឆ្នោតលើកនេះ បានបង្ហាញឱ្យឃើញយ៉ាងពេញលេញ នូវលក្ខណៈតំណាងជាទូទៅ ភាពបរិយាប័ន្នខាងនយោបាយ ការចូលរួមប្រឹក្សាកិច្ចការនយោបាយ ប្រកបដោយតុល្យភាព និងការប្រកួតប្រជែងដោយយុត្តិធម៌។

អ្វីដែលគួរឱ្យអស់សំណើចនោះ គឺសេចក្តីថ្លែងការណ៍នេះបែរជាបានទាមទារម្តងទៀត ឱ្យប្រទេសចិនគោរពតាម «សេចក្តីថ្លែងការណ៍រួមរវាងចិន និងអង់គ្លេស»។ ទាក់ទឹននឹងរឿងនេះ សៀវភៅសស្តីពី «ការអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុង ក្រោមគោលនយោបាយ ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ» ដែលបានចេញផ្សាយដោយការិយាល័យព័ត៌មាន នៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិននៅថ្ងៃទី ២០ ខែធ្នូ បានលើកឡើងយ៉ាងច្បាស់ថា «សេចក្តីថ្លែងការណ៍រួមរវាងចិន និងអង់គ្លេស» មានគោលបំណងដោះស្រាយបញ្ហា ដែលអង់គ្លេសបានប្រគល់ហុងកុងឱ្យប្រទេសចិនវិញ តែមិនមែនដោះស្រាយបញ្ហា អំពីការអនុវត្តប្រព័ន្ធនយោបាយយ៉ាងណា ក្នុងនោះបូករួមទាំងប្រព័ន្ធបោះឆ្នោត បន្ទាប់ពីហុងកុងបានវិលត្រឡប់ចូល មាតុប្រទេសចិនវិញនោះទេ។

មិនត្រឹមតែប៉ុណ្ណឹង អង់គ្លេសគ្មានអធិបតេយ្យភាព សិទ្ធិគ្រប់គ្រង និងសិទ្ធិត្រួតពិនិត្យទៅលើតំបន់ហុងកុង ដែលបានវិលត្រឡប់ចូលមាតុប្រទេសចិនវិញឡើយ ហើយក៏គ្មានសិទ្ធិធ្វើការជ្រៀតជ្រែកកិច្ចការហុងកុង ទោះតាមទម្រង់ណាមួយផងដែរ។ អង់គ្លេសបានប្រើបញ្ហា «ប្រជាធិបតេយ្យ» ធ្វើជាលេសប៉ុនប៉ងជ្រៀតជ្រែកម្តងហើយម្តងទៀត ទៅលើកិច្ចការហុងកុង គឺជាការមួលបង្កាច់ដោយចេតនា ចំពោះគោលនយោបាយ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ» ហើយក៏ជាការរំខាន និងការបផ្លិចបំផ្លាញយ៉ាងកម្រោល ចំពោះការអភិវឌ្ឍប្រជាធិបតេយ្យនៃតំបន់ហុងកុងផងដែរ។

តាមពិតទៅ បើនិយាយអំពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស បណ្តាប្រទេស «សម្ព័ន្ធ Five Eyes» គ្មានលក្ខណៈសម្បត្តិអ្វីធ្វើជា «គ្រូបង្រៀនប្រដៅ» ទាល់តែសោះ។ អ្វីដែលពួកគេគួរតែធ្វើបំផុតគឺ ឆ្លុះកញ្ចក់ដើម្បីពិចារណាពីកំហុសរបស់ខ្លួន ពោលគឺភាពបរាជ័យក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងក្នុងប្រទេសខ្លួន បញ្ហាជ្រុលនិយមខាងនយោបាយ និងការរើសអើងពូជសាសន៍ជាដើម។

ការពិតជាក់ស្តែងដ៏ច្រើនរាប់មិនអស់បានបញ្ជាក់ថា ប្រទេសលោកខាងលិចមួយចំនួនតូច ដែលតែងតែឃោសនាបំប៉ោងពី «ការគោរពសិទ្ធិមនុស្ស និងសេរីភាពរបស់ក្រុងហុងកុង» ទើបជាឧបសគ្គ និងជាអ្នកបំផ្លាញធំបំផុតក្នុងការអភិវឌ្ឍប្រជាធិបតេយ្យ នៃតំបន់ហុងកុង។ ហុងកុងជាទឹកដីរបស់ប្រទេសចិន ហើយប្រព័ន្ធបោះឆ្នោតនៃហុងកុង ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន។ រដ្ឋាភិបាលមជ្ឈិមចិននឹងបន្តគាំទ្រហុងកុង ឱ្យដើរតាមផ្លូវអភិវឌ្ឍន៍ប្រជាធិបតេយ្យ ដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន។ សូមដាស់តឿនសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចមួយចំនួនតូច កុំលូកបាតដៃខ្មៅទៅកាន់ហុងកុងទៀត!៕ (#CCFR Comment#)