(ប៉េកាំង)៖ និយាយចំពោះប្រទេសចិន ឆ្នាំ២០២១ ជាឆ្នាំប្រកបដោយនិមិត្តសញ្ញាជាប្រវត្តិសាស្ត្រ ពោលគឺខួប ១០០ឆ្នាំ នៃការបង្កើតបក្សកុម្មុយនិស្តចិន ដែលបានជំរុញឱ្យប្រទេសចិនបោះជំហានថ្មី ក្នុងដំណើរកិច្ចការទូតជាមួយអន្តរជាតិ។

មួយឆ្នាំកន្លងមក លោក Xi Jinping ប្រធានរដ្ឋចិនបានចូលរួមសកម្មភាពផ្លាស់ប្តូរកំពូល ជាលក្ខណៈអន្តរជាតិតាមអនឡាញយ៉ាងញឹកញាប់ ដូចជាការពិភាក្សាតាមទូរស័ព្ទ ផ្ញើលិខិត ចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូជាដើម ដើម្បីគូសបញ្ជាក់ពីការផ្តួចផ្តើមរបស់ចិន អំពីការអភិវឌ្ឍដោយសុខសន្តិភាព លោកធ្លាប់មានប្រសាសន៍ថា៖

«មនុស្សជាតិគួររួមរស់ដោយចុះសម្រុងគ្នា ឈានទៅកាន់ទិសដៅបង្កើតសហគមន៍រួមវាសនារបស់មនុស្សជាតិ ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែល្អបវរ»

«កិច្ចការអន្តរជាតិគួរពិភាក្សារួមដោយគ្រប់ប្រទេស ការធ្វើប្រជាធិបតេយ្យភាវូបនីយកម្មទំនាក់ទំនងអន្តរជាតិ ការអនុវត្តពហុភាគីនិយមដ៏ពិតប្រាកដ ទើបជាបំណងទូទៅរបស់ប្រជាជន និងនិន្នាការទូទៅ»

ក្នុងកិច្ចប្រជុំកំពូលដោយមេដឹកនាំបក្សកុម្មុយនិស្តចិន និងគណបក្សនយោបាយពិភពលោក លោក Xi Jinping បានបកស្រាយពីអត្ថន័យនៃគំនិតផ្តួចផ្តើម ស្តីពីការអភិវឌ្ឍជាសកលដែលប្រកបដោយភាពយុត្តិធម៌ ប្រសិទ្ធភាព និងភាពសម្របសម្រួល ដោយបានដកស្រង់ឃ្លាបុរាណចិន «适己而忘人者,人之所弃;克己而立人者,众之所戴» ដែលមានន័យថា «គិតតែខ្លួនឯង មិនគិតពីអ្នកដទៃនឹងត្រូវគេបោះបង់ចោល, គ្រប់គ្រងខ្លួនឯងដើម្បីជួយគាំទ្រអ្នកដទៃ នឹងទទួលបានការគោរព»

ក្នុងកិច្ចប្រជុំលើកទី ២១ នៃក្រុមប្រឹក្សាប្រមុខរដ្ឋរដ្ឋាភិបាល នៃប្រទេសជាសមាជិកអង្គការសហប្រតិបត្តិការសៀងហៃ លោក Xi Jinping ប្រធានរដ្ឋចិនបានបញ្ជាក់ថា ចិនប្តេជ្ញាចិត្តដើរតាមមាគ៌ាយុត្តិធម៌ ដោយបានដកស្រង់ឃ្លាបុរាណចិន «一时强弱在于力,千秋胜负在于理» ដែលមានន័យថា «ខ្លាំងឬខ្សោយមួយពេលផ្អែកលើកម្លាំង ជ័យជម្នះយូរឆ្នាំស្ថិតលើសច្ចធម៌»

ក្នុងកិច្ចប្រជុំរំលឹកខួប ៥០ឆ្នាំ នៃការដែលសាធារណរដ្ឋប្រជាមានិតចិន ទទួលបានអាសនៈស្របច្បាប់ឡើងវិញ ក្នុងអង្គការសហរប្រជាជាតិ លោក Xi Jinping ប្រធានរដ្ឋចិនបានលើកឡើងពីទស្សនាទាន ដែលបណ្តាប្រទេសលើសកលលោករួមគ្នា ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជន ដោយបានដកស្រង់ឃ្លាបុរាណចិន «为治之本,务在于安民;安民之本,在于足用» ដែលមានន័យថា «កិច្ចការសំខាន់នៃការធ្វើអភិបាលកិច្ចជាតិ គឺប្រជាជនមានជីវភាពសុខសាន្ត ដែលឈរលើមូលដ្ឋាន នៃការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃដោយគ្រប់គ្រាន់»

ក្នុងកិច្ចប្រជុំកំពូលដើម្បីអបអរខួប ៣០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតចិន-អាស៊ាន លោក Xi Jinping ប្រធានរដ្ឋចិនបានគូសបញ្ជាក់ពីជំហរបស់ចិន ដែលគាំទ្រសាមគ្គីភាពរបស់អាស៊ាន និងការកសាងសហគមន៍អាស៊ាន ដោយបានប្រើឃ្លាបុរាណចិន «路遥知马力,日久见人心» ដែលមាន័យថា «ធ្វើដំណើរផ្លូវឆ្ងាយទើបដឹងពីកម្លាំងពិតរបស់សេះ យូរខែយូរថ្ងៃទើបដឹងពីចិត្តមនុស្ស»

មិនថាសភាពការណ៍អន្តរជាតិប្រែប្រួលយ៉ាងណាក្តី ប្រទេសចិននឹងបន្តឈរនៅម្ខាងនៃពហុនិយមដោយម៉ឺងម៉ាត់ ក៏ដូចជាប្រកាន់ខ្ជាប់ទស្សនៈអភិបាលកិច្ចសកល ដែលពិភាក្សាជាមួយគ្នា កសាងជាមួយគ្នា និងចែករំលែកជាមួយគ្នា៕