(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន នៅថ្ងៃអង្គារសប្តាហ៍នេះ បានស្នើយ៉ាងទទូចឲ្យប្រជាជនទាំងអស់ ដែលគ្រប់លក្ខខណ្ឌក្នុងការទទួលបាន វ៉ាក់សាំងបង្ការ COVID-19 ប្រញាប់ទៅទទួលការចាក់ជាបន្ទាន់ ដើម្បីទប់ទល់នឹងមេរោគបំប្លែងថ្មី Omicron ដែលកំពុងរាតត្បាតខ្លាំង នៅសហរដ្ឋអាមេរិក និងអឺរ៉ុប។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃពុធ ទី២២ ខែធ្នូ ឆ្នាំម២០២១។

លោក ចូ បៃដិន បានថ្លែងចេញពីសេតវិមាន នៃរដ្ឋធានីវ៉ាស៊ីនតោនយ៉ាងដូច្នេះថា «ប្រសិនបើអ្នកមិនទាន់ទទួលបាន ការចាក់វ៉ាក់សាំងបង្ការពេញលេញ នោះអ្នកមានអ្នកផលល្អមួយហើយ ដែលត្រូវដាក់ការព្រួយបារម្ភចំពោះខ្លួនឯង។ ជម្រើសរបស់អ្នកអាចខុសគ្នារវាងការរស់ និងស្លាប់»

លោក ចូ បៃដិន ក៏បានបង្ហើបអំពីគម្រោងទិញឧបករណ៍ធ្វើតេស្តរហ័សរក COVID-19 ចំនួន ៥០០លានឈុតផងដែរ ដើម្បីផ្តល់ជូនប្រជាជនអាមេរិក ដែលស្នើសុំវាដោយឥតគិតថ្លៃ ដែលនឹងចាប់ផ្តើមនៅខែមករា ឆ្នាំ២០២២។ បន្ថែមពីនេះ ពេទ្យយោធាសរុប ១,០០០នាក់ នឹងត្រូវបញ្ជូនទៅជួយគ្រប់គ្រង នៅតាមមន្ទីរពេទ្យនានា ដែលកំពុងកកកុញដោយអ្នកជំងឺ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃអង្គារ ទី២១ ខែធ្នូ (ពេលវេលានៅសហរដ្ឋអាមេរិក) វីរុសបំប្លែងថ្មី Omicron បានរ៉ាប់រងករណីឆ្លងជំងឺ COVID-19 ប្រចាំថ្ងៃនៅសហរដ្ឋអាមេរិក រហូតដល់ទៅ ៧៣% បើធៀបនឹងអត្រាតែជាង ១% ប៉ុណ្ណោះកាលពីដើមខែធ្នូនេះ។ គិតចាប់តាំងពីសហរដ្ឋអាមេរិក ឈានជើងចូលរដូវរងាខ្លាំងមក ករណីឆ្លងជំងឺ COVID-19 បានលោតឡើងដល់ជាមធ្យមជាង ១សែននាក់ក្នុងមួយថ្ងៃទៅហើយ៕