(វ៉ាស៉ីនតោន)៖ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងរបស់សហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន (Joe Biden) កំពុងពិចារណាបន្ធូរបន្ថយវិធានការរឹតត្បឹត លើការធ្វើដំណើរជាមួយបណ្តាប្រទេសនៅតំបន់ អាហ្វ្រិកខាងត្បូង ស្របពេលដែលអត្រាឆ្លងវីរុស COVID-19 បំប្លែងថ្មី Omicron នៅសហរដ្ឋអាមេរិក កំពុងកើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

លោក Anthony Fauci បាននិយាយនៅឯក្លឹបសារព័ត៌មានជាតិថា «យើងទំនងជានឹងបន្ធូរបន្ធយវិញក្នុងពេលឆាប់ៗនេះ ដោយសារវីរុស COVID-19 បំប្លែងថ្មី Omicron បានឆ្លងរីករាលដាលគ្រប់គ្រាន់ហើយ នៅក្នុងប្រទេសរបស់យើង។ យើងបានអនុញ្ញាតឱ្យប្រជាជនមកពីបណ្ដាប្រទេសផ្សេងទៀត ដែលមានករណីឆ្លងច្រើន ឬច្រើនជាងបណ្តាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូងទៅទៀត។ ដូច្នេះទំនងជាយើងនឹងពិនិត្យមើលវា ដោយយកចិត្តទុកដាក់បំផុត ដើម្បីស្វែងយល់ថា តើយើងអាចបន្ធូរបន្ធយវិញបានដែរឬទេ»

សហរដ្ឋអាមេរិក កាលពីថ្ងៃទី២៩ ខែវិច្ឆិកាកន្លងទៅនេះ បានហាមប្រាមជនបរទេសស្ទើរតែទាំងអស់ មិនឱ្យចូលមកកាន់ប្រទេសរបស់ខ្លួន ប្រសិនបើពួកគេស្ថិតនៅក្នុងប្រទេសមួយ ក្នុងចំណោមបណ្ដាប្រទេសនៅតំបន់អាហ្វ្រិកខាងត្បូងចំនួន ៨ រួមទាំងប្រទេសអាហ្វ្រិកខាងត្បូងផងដែរ ក្នុងរយៈពេល ១៤ថ្ងៃចុងក្រោយ។

គួរបញ្ជាក់ថា វានៅមិនទាន់ច្បាស់ទេថា នៅពេលណាដែលវិធានការរឹតបន្តឹង អាចត្រូវបានដកចេញ ប៉ុន្តែមន្ត្រីឧស្សាហកម្មធ្វើដំណើរបាននិយាយថា វាអាចកើតឡើងភ្លាមៗនៅសប្តាហ៍នេះ ប៉ុន្តែខាងសេតវិមាន មិនទាន់បានធ្វើការអត្ថាធិប្បាយភ្លាមៗជុំវិញបញ្ហានេះទេ៕