(ហុងកុង)៖ ការបោះឆ្នោតក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលទី ៧ នៃតំបន់រដ្ឋបាលពិសេសហុងកុងរបស់ប្រទេសចិន បានបិទបញ្ចប់ដោយរលូន។ ថ្ងៃទី២០ ខែធ្នូ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន បានចេញផ្សាយសៀវភៅសស្តីពី «ការអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុង ក្រោមគោលនយោបាយ ប្រទេសមួយប្រព័ន្ធគ្រប់គ្រង់ពីរ» ដោយបានរំលឹកឡើងវិញជាប្រព័ន្ធ ពីដំណើរអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុង ដែលពីគ្មានដល់មាន ទទួលបានការរីកចម្រើន និងមានសុក្រឹតភាព ព្រមទាំងបានអធិប្បាយដោយគ្រប់ជ្រុងជ្រោយ នូវគោលជំហរជាគោលការណ៍របស់រដ្ឋាភិបាលចិន ស្តីពីការផ្តល់ការគាំទ្រដល់ហុងកុង ក្នុងការអភិវឌ្ឍរបបប្រជាធិបតេយ្យ ដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន។

* តើអ្នកណាបាននិងកំពុងគាំពារ និងអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុង? * តើអ្នកណាបាននិងកំពុងបំផ្លិចបំផ្លាញ និងរារាំងប្រជាធិបតេយ្យនៃហុងកុង? ទាក់ទិននឹងបញ្ហាជាគន្លឹះទាំងពីរនេះ សៀវភៅសបានផ្តល់ចម្លើយយ៉ាងច្បាស់លាស់។

បើរំលឹកឡើងវិញពីប្រវត្តិសាស្ត្រអាចឃើញថា ក្នុងរយៈពេលការត្រួតត្រាអាណានិគមចំពោះហុងកុង អស់រយៈពេលមួយសតវត្សន៍កន្លះ អង់គ្លេសបានហាមមិនឱ្យធ្វើកំណែទម្រង់ប្រជាធិបតេយ្យក្នុងតំបន់ជាច្រើនលើក ដូចនេះក្នុងសង្គមហុងកុងគ្មានប្រជាធិបតេយ្យអ្វីសោះ។ បន្ទាប់ពីហុងកុងវិលត្រឡប់ចូលមាតុប្រទេសចិនវិញនាឆ្នាំ១៩៩៧ អ្នកក្រុងហុងកុងទើបមានអារម្មណ៍ជាលើកដំបូងថា បានធ្វើជាម្ចាស់ផ្ទះពិតប្រាកដ ក្នុងក្របខណ្ឌ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» អ្នកក្រុងហុងកុងបានគ្រប់គ្រងកិច្ចការ នៃតំបន់រដ្ឋបាលពិសេសហុងកុងដោយខ្លួនឯង។

ប៉ុន្តែ ការអភិវឌ្ឍប្រជាធិបតេយ្យហុងកុងបែរជារងការរំខាន និងបំផ្លិចបំផ្លាញជាបន្តបន្ទាប់។ ក្នុងមួយរយៈពេលកន្លងមកនេះ កម្លាំងប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុង បានឃុបឃិតជាមួយកម្លាំងអរិភាពនៅតំបន់ខាងក្រៅ និងរំលោភបំពានឥទ្ធានុភាពរបស់រដ្ឋធម្មនុញ្ញ និងច្បាប់មូលដ្ឋានឥតឈប់ឈរ។

ដូចការលើកឡើងក្នុងសៀវភៅសថា បញ្ហាសំខាន់ៗដែលបានលេចចេញ ក្នុងដំណើរអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុងរយៈពេលជាង ២០ឆ្នាំកន្លងមក តាមពិតទៅមិនមែនបញ្ហាថា តើត្រូវមានប្រជាធិបតេយ្យឬអត់ តែគឺបញ្ហាថា តើត្រូវគាំពារគោលការណ៍ស្តីពី «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» ឬអត់ ដែលជាបញ្ហារវាងអបគមន៍និយម និងការប្រឆាំងនឹងអបគមន៍និយម ការធ្វើវិទ្ធង្សនា និងការប្រឆាំងនឹងការធ្វើវិទ្ធង្សនា ការជ្រៀតជ្រែកនិងការប្រឆាំងនឹងការជ្រៀតជ្រែក។ កម្លាំងប្រឆាំងប្រទេសចិន និងបង្កភាពចលាចលនៅហុងកុង ព្រមនិងកម្លាំងអរិភាពនៅតំបន់ខាងក្រៅ គឺជាពួកឧទ្ទាមសំខាន់បំផុតដែលរារាំងការអភិវឌ្ឍ ប្រជាធិបតេយ្យនៃហុងកុងនេះហ្នឹងឯង។

នៅលើពិភពលោក គ្មានស្តង់ដារប្រជាធិបតេយ្យដែលសមស្របនឹងគ្រប់ទីកន្លែងនោះទេ ប្រជាធិបតេយ្យដែលសមស្របនឹងសភាពការណ៍ជាក់ស្តែងរបស់ខ្លួន និងអាចដោះស្រាយបញ្ហារបស់ខ្លួន ទើបជាប្រជាធិបតេយ្យល្អ។ ការអនុវត្តជាក់ស្តែងក្នុងរយៈពេល ២៤ឆ្នាំ កន្លងមកបានបង្ហាញថា ការអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុង ចាំបាច់ត្រូវដើរតាមផ្លូវរបស់ខ្លួន ចាំបាច់ត្រូវគោរពគោលលំនាំ «ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ» និងច្បាប់មូលដ្ឋានរបស់ហុងកុង ក៏ដូចជាអនុវត្តគោលការណ៍ «អ្នកស្នេហាជាតិគ្រប់គ្រងហុងកុង» ផងដែរ ក្នុងន័យអនុវត្តតាមច្បាប់ដោយមានរបៀបរៀបរយ និងតាមសភាពការណ៍ជាក់ស្តែងក្នុងតំបន់។ ជានិច្ចកាល រដ្ឋាភិបាលមជ្ឈិមចិនគឺជាអ្នកដឹកនាំ អ្នកគាំទ្រនិងអ្នកជំរុញយ៉ាងមុតមាំ ក្នុងការអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុង ហើយក៏ជាអ្នកគាំពារផលប្រយោជន៍ជាមូលដ្ឋាន របស់អ្នកក្រុងហុងកុងទាំងអស់ផងដែរ។

បច្ចុប្បន្ននេះ គ្រប់មជ្ឈដ្ឋានហុងកុងពោរពេញទៅដោយក្តីរំពឹងទុក ចំពោះសមាជិកនៃក្រុមប្រឹក្សានីតិប្បញ្ញត្តិនីតិកាលថ្មី ការអភិវឌ្ឍប្រជាធិបតេយ្យនៃហុងកុង បាននិងកំពុងលេចចេញទិដ្ឋភាពថ្មី ផ្លូវអភិវឌ្ឍប្រជាធិបតេយ្យហុងកុងពិតជានឹងដើរកាន់តែទូលំទូលាយ និងមានភាពរលូនជាមិនខាន!៕ (#CCFRComment#)