(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសតែងតាំង «បេសកជនសម្របសម្រួលពិសេស» ថ្មីម្នាក់ សម្រាប់បញ្ហាតំបន់ទីបេ ដែលនឹងទទួលបន្ទុករៀបចំឡើងវិញ នូវកិច្ចសន្ទនារវាងសម្ដេចសង្ឃទីបេ ដាឡៃ ឡាម៉ា (Dalai Lama) និងចិន រួមទាំងលើកកម្ពស់ការគោរពសិទ្ធិមនុស្ស នៅក្នុងតំបន់ទីបេរបស់ចិននោះផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃអង្គារ ទី២១ ខែធ្នូ ឆ្នាំ២០២១។

ការប្រកាសតែងតាំងអនុរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិក លោកស្រី យូស្រា ហ្សេយ៉ា (Uzra Zeya) ជាបេសកជនសម្របសម្រួលពិសេស សម្រាប់បញ្ហាតំបន់ទីបេ ត្រូវបានធ្វើឡើងដោយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក អាន់ថូនី ប្លីងគែន (Antony Blinken) នៅក្នុងសេចក្ដីប្រកាសមួយ។ លោក Blinken បានបញ្ជាក់នៅក្នុងសេចក្ដីប្រកាសនេះយ៉ាងដូច្នេះថា «លោកស្រី Zeya នឹងលើកកម្ពស់កិច្ចសន្ទនារវាងរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន និងសម្ដេចសង្ឃទីបេ ដាឡៃ ឡាម៉ា (Dalai Lama) ព្រមទាំងអ្នកតំណាងរបស់ព្រះអង្គ ឬក៏មេដឹកនាំទីបេណាម្នាក់ ដែលជាប់ឆ្នោតដោយប្រជាធិបតេយ្យ»

លោក Antony Blinken បា នបន្ថែមទៀតថា លោកស្រី Uzra Zeya ក៏នឹងចូលរួមចំណែកលើកកម្ពស់ ផងដែរនូវការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៃប្រជាជនទីបេ ក្នុងនោះរួមមានសេរីភាពជំនឿ ឬសាសនារបស់ពួកគេ។

គួរបញ្ជាក់ថា ការប្រកាសតែងតាំងបេសកជនពិសេសអាមេរិក ទទួលបន្ទុកកិច្ចការតំបន់ទីបេរបស់ចិននេះ ត្រូវបានគេរំពឹងថា អាចបង្កឱ្យមានភាពតានតឹងបន្ថែមរវាង សហរដ្ឋអាមេរិក និងប្រទេសចិន ខណៈប្រទេសអំណាចទាំងពីរនេះ កំពុងមានភាពតានតឹងនឹងគ្នាស្រាប់ទៅហើយ លើបញ្ហាពាក់ព័ន្ធកោះតៃវ៉ាន់ ទីក្រុងហុងកុង និងតំបន់ស៊ីនជាំង។ ដោយឡែក សម្ដេចសង្ឃ ដាឡៃ ឡាម៉ា បច្ចុប្បន្នកំពុងគង់នៅនិរទេស ក្នុងទឹកដីប្រទេសឥណ្ឌា បន្ទាប់ពីបានបរាជ័យក្នុងការដឹកនាំការធ្វើកុបកម្ម ប្រឆាំងរដ្ឋអំណាចចិនក្នុងតំបន់ទីបេ កាលពីឆ្នាំ១៩៥៩៕