(ឡុងដ៍)៖ ឧបនាយករដ្ឋមន្ត្រីអង់គ្លេស លោក ដូមីនិច រ៉ាអាប់ (Dominic Raab) បានឱ្យដឹងនៅថ្ងៃចន្ទ ទី២០ ខែធ្នូឆ្នាំ២០២១នេះថាចំនួនអ្នកស្លាប់ដោយសារមេរោគបំប្លែងថ្មី Omicron នៅក្នុងចក្រភពអង់គ្លេស បានកើនដល់ ១២នាក់ហើយ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បន្ថែមពីលើអ្នកស្លាប់ ១២នាក់ខាងលើ, លោក Dominic ក៏បានបញ្ជាក់ដែរថាអ្នកជំងឺឆ្លងមេរោគបំប្លែងថ្មី Omicron ចំនួន ១០៤នាក់ កំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យ។ ក្រុមមន្ត្រីអង់គ្លេស កាលពីសប្ដាហ៍មុនបានព្រមានថាចំនួនអ្នកជំងឺសម្រាកព្យាបាលអាចនឹងកើតឡើងជាថ្មី ខណៈចំនួនករណីឆ្លង COVID-19 ប្រចាំថ្ងៃ បង្កឡើដោយ Omicron ស្ទុះងើបឡើងវិញក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។ ដោយឡែក នៅពេលត្រូវបានសាកសួរថាតើរដ្ឋាភិបាលអង់គ្លេស នឹងដាក់ចេញវិធានការរឹតត្បិតថ្មីៗ នៅមុនថ្ងៃបុណ្យណូអែលដែរ ឬក៏យ៉ាងណា, លោក Dominic បានឆ្លើយថាលោកមិនទាន់អាចនិយាយអ្វីបាននោះទេ។

គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក (WHO), មកទល់នឹងពេលនេះ មេរោគបំប្លែងថ្មី Omicron ដែលត្រូវបានគេរាយការណ៍មុនគេនៅប្រទេសអាហ្វ្រិកខាងត្បូង បានឆ្លងរាលដាលនៅក្នុងប្រទេសយ៉ាងហោច ៨៩ ហើយទិន្នន័យ និងការសិក្សាបឋមបង្ហាញថាមេរោគបំប្លែងនេះមានសមត្ថភាពចម្លងជំងឺ លឿនរហ័សជាងមេរោគបំប្លែងថ្មី «Delta» ទៅទៀត តែមិនទាន់មានភស្តុតាងបញ្ជាក់ថាវាមានភាពកាចសាហាវ ឬធ្វើឱ្យមនុស្សធ្លាក់ខ្លួនឈឺធ្ងន់នៅឡើយទេ៕