(ហាណូយ)៖ ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ បានប្រកាសរកឃើញករណីឆ្លងថ្មីៗ នៃជំងឺកូវីដ១៩ ចំនួន១៥,៨៩៥ករណីបន្ថែមទៀត ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការដកស្រង់ចេញផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១។

ក្នុងចំណោមករណីឆ្លងខាងលើ មានតែ១២ករណីប៉ុណ្ណោះដែលជាករណីនាំចូល ក្រៅពីនោះ ជាករណីឆ្លងក្នុងស្រុកទាំងអស់។ ដោយឡែក ទីក្រុងហូជីមិញ ដែលតាំងពីដើមជាចំណុចកណ្តាល នៃការផ្ទុះរីករាលដាលជំងឺនេះ បានរ៉ាប់រងសម្រាប់ករណីឆ្លងថ្មីថ្ងៃនេះចំនួន១,០១៩ករណី តាមពីក្រោយខេត្ត Cà Mau ចំនួន ១,៣៤១ ខណៈរដ្ឋធានីហាណូយបានរាយការណ៍ចំនួន ១,២៤៤ករណី។

ក្នុងរបាយការណ៍ថ្ងៃសៅរ៍នេះដែរ ក្រសួងសុខាភិបាលវៀតណាម ក៏បានប្រកាសពីករណីអ្នកស្លាប់ថ្មី ដោយសារជំងឺកូវីដ១៩ ចំនួន២៤៩នាក់បន្ថែមទៀតផងដែរ។

សរុបមកវិញ គិតត្រឹមយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២១នេះវៀតណាមមានករណីឆ្លងកូវីដ-១៩ សរុបនៅទូទាំងប្រទេសចំនួន ១,៥២៤,៣៦៨នាក់ ក្នុងនោះអ្នកជំងឺជាសះស្បើយចំនួន ១,០៩៧,១៦៣នាក់ ចំណែកអ្នកស្លាប់សរុបចំនួន ២៩,៣៥១នាក់៕