(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៨៥,៩២៤នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ៤៨៧នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃអាទិត្យ ទី១៩ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៥១,៦៩៦,២០៥ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨២៧,២០៦នាក់ និងជាសះស្បើយឡើងសរុបជាង ៤០.៥១លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

បន្ទាប់ពីបានជួបពិភាក្សា ជាមួយទីប្រឹក្សាផ្នែកសុខាភិបាលសហរដ្ឋអាមេរិក នៅក្នុងសប្តាហ៍នេះ លោក ចូ បៃដិន បានប្រកាសប្រាប់ប្រជាជនថា ការចាក់វ៉ាក់សាំងដូសជំរុញ មិនមែនជារឿងថ្មីឡើយ ដូច្នេះលោកអំពាវនាវឲ្យប្រជាជនទាំងឡាយ ប្រញាប់ទៅទទួលការចាក់ឲ្យបានលឿនបំផុត។ ប្រធានាធិបតីអាមេរិករូបនេះ បានលើកឡើងថា «យើងកំពុងសម្លឹងមើលឃើញ រដូវរងាដែលពោរពេញដោយអ្នកជំងឺឈឺធ្ងន់ និងស្លាប់... ប្រសិនបើអ្នកបានចាក់វ៉ាក់សាំងពេញលេញ រួចចាក់បន្ថែមដូសជំរុញទៀតនោះ អ្នកអាចការពារខ្លួនឯងពីការឈឺធ្ងន់ និងស្លាប់បាន»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៩០លានដូស ក្នុងនោះប្រជាជន ២៤០.៣២លាននាក់ (៧២.៩% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ២០១.៦លាននាក់ (៦១.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៥៧.០១លាននាក់ (១៧.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕