(ហ្សាការតា)៖ អាជ្ញាធរនៅប្រទេសឥណ្ឌូណេស៉ី នាថ្ងៃសៅរ៍នេះបានដំឡើងកម្រិតប្រកាសអាសន្នសម្រាប់ ភ្នំភ្លើងខ្ពស់បំផុតប្រចាំកោះជ្វា ជាមួយការព្រមានថា ភ្នំភ្លើង សេមេរូ (Semeru) អាចផ្ទុះឡើងយ៉ាងកញ្រ្ជោលជាថ្មីម្តងទៀត ក្រោយការផ្ទុះកាលពីពេលកន្លងទៅ ក្នុងខែនេះ ដែលបានផ្តាច់ជីវិតមនុស្ស៤៨នាក់ និងបង្កការខូចខាតធ្ងន់ធ្ងរ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន Aljazeera នៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរជំនាញរបស់ឥណ្ឌូណេស៉ី បានឲ្យដឹងថា ពួកគេប្រទះឃើញសញ្ញានៃការកើនឡើងសកម្មភាព ដែលអាចបង្កឲ្យមានការផ្ទុះជះកម្អែភ្លើង និងផេះក្តៅគគុកចេញពីភ្នំភ្លើង Semeru ចុះមកកាន់ផ្ទៃដី ដែលស្រដៀងគ្នាទៅនឹងព្រឹត្តិការណ៍ កាលពីថ្ងៃទី០៤ ខែធ្នូ ដូច្នោះដែរ។ ហេតុនេះហើយ ពួកគេបានសម្រេចបង្កើនកម្រិតប្រកាសអាសន្ន ឲ្យដល់កម្រិតខ្ពស់បំផុតទីពីរ។ ប្រជាជនដែលរស់នៅក្បែរនោះ ត្រូវបានណែនាំឲ្យស្ថិតនៅចម្ងាយយ៉ាងហោច ១៣គីឡូម៉ែត្រពីមាត់ភ្នំភ្លើង។

ប្រតិបត្តិការស្វែងរកនិងជួយសង្រ្គោះ សម្រាប់ករណីផ្ទុះភ្នំភ្លើង កាលពីថ្ងៃទី០៤ ខែធ្នូ ត្រូវបានបិទបញ្ចប់កាលពីថ្ងៃសុក្រសប្តាហ៍នេះ ដោយមនុស្ស៤៨នាក់បានស្លាប់ និងជាង១០០នាក់រងរបួស។ រីឯលំនៅឋាននិងអគារច្រើនជាង ៥,២០០ខ្នង បានទទួលរងការខូចខាត។ ក្រោយធ្វើទស្សនកិច្ចទៅកាន់តំបន់រងគ្រោះ កាលពីសប្តាហ៍មុន ប្រធានាធិបតីឥណ្ឌូណេស៉ី លោក ចូកូ វីដូដូ (Joko Widodo) បានសន្យាថា នឹងប្រឹងប្រែងកសាងប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ព្រមទាំងជួយផ្លាស់លំនៅឋានប្រមាណជិត ៣,០០០ខ្នង ចេញពីតំបន់គ្រោះថ្នាក់។

គួរបញ្ជាក់ថា ភ្នំភ្លើង Semeru របស់ឥណ្ឌូណេស៉ី ធ្លាប់ផ្ទុះឡើងជាច្រើនលើក ក្នុងរយៈពេល២០០ឆ្នាំចុងក្រោយ។ កាលពីខែមករា ឆ្នាំ២០២១នេះ វាក៏បានផ្ទុះម្តងផងដែរ ប៉ុន្តែពេលនោះ មិនមានមនុស្សរងគ្រោះថ្នាក់ឡើយ។ ភ្នំភ្លើងនេះ ស្ថិតក្នុងចំណោមភ្នំភ្លើងសកម្មសរុបជិត១៣០កន្លែង ដែលមានវត្តមាននៅក្នុងប្រទេសឥណ្ឌូណេស៉ី៕