(គូឡាឡាំពួ)៖ មនុស្សប្រហែលជា ៤,០០០នាក់ ត្រូវបានជម្លៀសចេញពីលំនៅឋានរបស់ពួកគេ ក្នុងរដ្ឋចំនួន៦ នៅឯប្រទេសម៉ាឡេស៉ី ដែលបាននិងកំពុងរងការវាយលុកដោយគ្រោះទឹកជំនន់ ក្រោយការបន្តធ្លាក់ភ្លៀងខ្លាំងឥតឈប់ឈរ ចាប់តាំងតែពីថ្ងៃសុក្រសប្តាហ៍នេះ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNA នៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

ទឹកជំនន់នៅក្នុងរដ្ឋសេឡាន់ហ្គ័រ (Selangor), រដ្ឋកេឡាន់តាន់ (Kelantan), រដ្ឋតេរ៉ែងហ្កានូ (Terengganu), រដ្ឋប៉ាហាង (Pahang), រដ្ឋណេហ្កេរី សិមប៊ីឡាន់ (Negeri Sembilan) និងរដ្ឋមេឡាកា (Melaka) បានធ្វើឲ្យផ្លូវថ្នល់មួយចំនួន ពុំអាចធ្វើចរាចរណ៍ឆ្លងកាត់បានតែម្តង ហើយធ្វើប្រតិបត្តិការនៅកំពង់ផែក្លាង ដែលជាកំពង់ផែនាំមុខគេប្រចាំប្រទេសម៉ាឡេស៉ី ក៏បានរងការប៉ះពាល់ស្ថានភាពអាកាសធាតុនេះផងដែរ។

គួរបញ្ជាក់ថា នាយកដ្ឋានឧតុនិយមម៉ាឡេស៉ី កាលពីព្រឹកថ្ងៃសៅរ៍នេះ បានចេញសារព្រមានកម្រិតពណ៌ក្រហម អំពីការបន្តធ្លាក់ភ្លៀងខ្លាំង នៅក្នុង រដ្ឋ Selangor, ទីក្រុងគូឡាឡាំពួ (Kuala Lumpur) និងរដ្ឋ Pahang សម្រាប់ពេញមួយថ្ងៃសៅរ៍នេះតែម្តង។ នាយកដ្ឋានដដែល ក៏បានព្រមានពីការធ្លាក់ភ្លៀងជោគជាំ នៅតាមផ្នែកមួយចំនួននៃរដ្ឋប៉េរ៉ាក់ (Perak), រដ្ឋ Kelantan, រដ្ឋពូត្រាចាយ៉ា (Putrajaya) និងរដ្ឋ Negeri Sembilan ផងដែរ៕