(ប៉ារីស)៖ នាយករដ្ឋមន្ត្រីបារាំងលោក ហ្សង់ ខាសតិច (Jean Castex) បានថ្លែងថា មិនខុសពីប្រទេសអឺរ៉ុបផ្សេងទៀតឡើយ ប្រទេសបារាំងនឹងមើលឃើញការរាតត្បាតនៃវីរុស COVID-19 បំប្លែងថ្មី អូមីក្រុង (Omicron) ជាចម្បងចាប់ពីដើមឆ្នាំ២០២២ ខាងមុខនេះតទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AP នាល្ងាចថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

យោងតាមលោក Castex បើទោះបីជាពេលនេះគេនៅមិនទាន់ដឹងច្បាស់ ១០០% អំពីឥទ្ធិពលរបស់វីរុស Omicron ក៏ពិតមែន ប៉ុន្តែវាទំនងជាមិនខ្លាំងដូចវីរុស Delta នោះឡើយ។ លោកនាយករដ្ឋមន្ត្រីបារាំងរូបនេះ បានសង្កត់ធ្ងន់ថា ការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ និងការចាក់បន្ថែមនូវដូសជំរុញទៀតនោះ នឹងអាចការពារមនុស្ស ពីការធ្លាក់ខ្លួនឈឺធ្ងន់បាននៅពេលឆ្លងវីរុសនេះ។

គួរបញ្ជាក់ថា បច្ចុប្បន្នប្រទេសបារាំងមានអ្នកជំងឺ COVID-19 សរុបជិត ៣,០០០នាក់ កំពុងស្ថិតក្នុងបន្ទប់សង្គ្រោះបន្ទាន់។ ដោយសារតែការរាតត្បាតនៃវីរុស Omicron ប្រទេសបារាំងក៏បានសម្រេចកាត់បន្ថយគម្លាត នៃការចាក់វ៉ាក់សាំងដូសជំរុញ នៅក្រោយការចាក់ដូសទី ២ ផងដែរ ពីរយៈពេល ៥ខែ មកនៅត្រឹម ៤ខែវិញ។

បន្ថែមពីខាងលើនេះ ប្រទេសបារាំងក៏នឹងហាមឃាត់កម្មវិធីជប់លៀងធំៗ និងការដុតកាំជ្រួចបែបកកុញផងដែរ នៅក្នុងឱកាសបុណ្យឆ្លងឆ្នាំខាងមុខនេះ បើទោះបីជាពលរដ្ឋដែលនឹងត្រូវចូលរួមនោះ បានទទួលការចាក់វ៉ាក់សាំងពេញលេញ ឬធ្វើតេស្តអវិជ្ជមាន COVID-19 ក៏ដោយ៕