(យូរុមគី)៖ អាជ្ញាធរចិននៅថ្ងៃសៅរ៍នេះបានរាយការណ៍ឱ្យដឹងថា លោកយាយ អាលីមីហាន សេយីទី (Alimihan Seyiti) ជាមនុស្សដែលមានវ័យចំណាស់ជាងគេ នៅក្នុងប្រទេសចិន បានទទួលមរណភាពហើយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងវ័យ ១៣៥ឆ្នាំ នៅក្នុងតំបន់ស្វយ័តស៉ីនជាំង-អ៊ុយហ្គឺ (Xinjiang Uygur)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៉ីនហួរ នៅល្ងាចថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

បើតាមនាយកដ្ឋានសាធារណៈនៃតំបន់នោះ លោកយាយ Alimihan Seyiti បានកើតនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ១៨៨៦ នៅក្នុងទីក្រុង កូមូសឺរីក (Komuxerik) នៃតំបន់ ស៊ូឡេ (Shule County) ក្នុងខេត្ត កាស្ការ (Kashgar Prefecture) ខណៈទីក្រុង Komuxerik ត្រូវបានគេស្គាល់ថាជា «ទីក្រុងអាយុវែង» ដែលមានមនុស្សចាស់អាយុលើសពី ៩០ឆ្នាំ ក្នុងចំនួនច្រើន។ ក្នុងឆ្នាំ២០១៣ លោកយាយបានជាប់ចំណាត់ថ្នាក់ «កំពូល» ក្នុងបញ្ជីមនុស្សដែលមានវ័យចំណាស់បំផុត នៅក្នុងប្រទេសចិន ដែលចេញផ្សាយដោយសមាគមន៍មនុស្សចាស់របស់ប្រទេសចិន។

បើតាមការចុះផ្សាយដោយសារព័ត៌មានចិន នៅក្នុងអំលុងពេលដែលលោកយាយ Alimihan Seyiti មានជីវិត លោកយាយបានរស់នៅដោយជីវភាពប្រចាំថ្ងៃបែបសាមញ្ញ និងធម្មតា។ លោកយាយតែងតែបរិភោគអាហារទៀងទាត់ពេលវេលា ហើយរីករាយនឹងការហាលថ្ងៃ នៅក្នុងទីធ្លាផ្ទះរបស់លោកយាយ។

គួរបញ្ជាក់ថា ការកែលម្អសេវាសុខភាពបានរួមចំណែកមួយផ្នែក ដល់ភាពមានអាយុវែងរបស់ប្រជាជននៅតំបន់នោះ។ រដ្ឋាភិបាលក្នុងតំបន់ បានផ្តល់សេវាសុខាភិបាល ដូចជាការពិនិត្យរាងកាយប្រចាំឆ្នាំដោយឥតគិតថ្លៃ និងការឧបត្ថម្ភធនប្រចាំខែសម្រាប់មនុស្សចាស់ ដែលមានអាយុលើសពី ៦០ឆ្នាំផងដែរ៕