(ម៉ូស្គូ)៖ នៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១នេះ គឺជាពេលដែលប្រទេសរុស្ស៊ី ដើរចេញជាផ្លូវការពីសន្ធិសញ្ញាបើកចំហជើងមេឃ (Open Skies Treaty) ដែលត្រូវបានអនុវត្តជិត ២០ឆ្នាំមកនេះជាផ្លូវការ។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មានចិន CGTN នារសៀលថ្ងៃសៅរ៍។

កាលពីថ្ងៃទី០៧ ខែមិថុនា កន្លងទៅនេះ ប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន បានចុះហត្ថលេខាដើម្បីចាកចេញពីសន្ធិសញ្ញា Open Skies និងបានប្រាប់ភាគីពាក់ព័ន្ធ ឲ្យបានដឹងឮកាលពីថ្ងៃទី១៨ ខែមិថុនាថា រុស្ស៊ីនឹងចាកចេញជាផ្លូវការពីសន្ធិសញ្ញានេះ នៅរយៈពេល ៦ខែបន្ទាប់។

សន្ធិសញ្ញាបើកចំហជើងមេឃត្រូវបានចុះហត្ថលេខា និងអនុវត្តចាប់តាំងពីឆ្នាំ ២០០២ ដោយអនុញ្ញាតឲ្យក្រុមប្រទេសហត្ថលេខី ធ្វើការហោះហើរយន្តហោះគ្មានបំពាក់វុធ ពីលើទឹកដីគ្នាទៅវិញទៅមក ដើម្បីត្រួតពិនិត្យ និងប្រមូលយកទិន្នន័យ អំពីកងកម្លាំងយោធា និងសកម្មភាពនានាពាក់ព័ន្ធនឹងវិស័យយោធា នៅក្នុងន័យកសាងការជឿទុកចិត្តលើគ្នា។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិកកាលពីខែវិច្ឆិកា ឆ្នាំ២០២០ ដែលស្ថិតក្នុងរដ្ឋបាលលោក ដូណាល់ ត្រាំ បានសម្រេចចិត្តចាកចេញពីសន្ធិសញ្ញា Open Skies ក្រោយពីបានចោទប្រកាន់រុស្ស៊ីថា បានរំលោភបំពានចំពោះសន្ធិសញ្ញានេះជាយូរមកហើយ។ ប្រទេសរុស្ស៊ីបានច្រានចោលរាល់កាលចោទប្រកាន់ ហើយចុងក្រោយក៏បានសម្រេចចិត្ត ធ្វើតាមសហរដ្ឋអាមេរិកដែរ៕