(ប៉េកាំង)៖ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ តាមម៉ោងក្នុងតំបន់ ព្រឹទ្ធសភារបស់អាមេរិកបានអនុម័តអ្វីដែលហៅថា «សេចក្តីព្រាងច្បាប់ស្តីពីការបង្ការបង្ខិតបង្ខំឱ្យជនជាតិអ៊ុយហ្គ័រធ្វើពលកម្ម» សេចក្តីព្រាងច្បាប់នេះបានយកអ្វីដែលហៅថា «ការបង្ខំឱ្យធ្វើពលកម្ម» ធ្វើជាលេស ហាមឃាត់ផលិតផលភូមិភាគស៊ីនជាំងចូលក្នុងទីផ្សារអាមេរិក។ ប្រការនេះជាការញុះញង់នយោបាយ និងធ្វើអនុត្តរភាពខាងសេដ្ឋកិច្ចរបស់ អ្នកនយោបាយអាមេរិកមួយចំនួនដែលយកសិទ្ធិមនុស្ស ធ្វើជាលេសដែលបានបង្ហាញយ៉ាងពេញលេញនូវមុខមាត់ ជាសប្បុរសធម៌ក្លែងក្លាយនិងបំណងអាក្រក់របស់ពួកគេ ក្នុងគោលបំណងទប់ស្កាត់ការអភិវឌ្ឍនៃភូមិភាគស៊ីនជាំង និងជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន ។

តើនៅភូមិភាគស៊ីនជាំងមាន «ការបង្ខំឱ្យធ្វើពលកម្ម» ឬទេ? ប្រជាជនក្នុងតំបន់មានសិទ្ធិបញ្ចេញមតិបំផុត។ ក្នុងសន្និសីទសារព័ត៌មានមួយលើកដែលបើកធ្វើនៅពេលថ្មីៗកន្លងទៅនេះ ប្រជាជនភូមិភាគស៊ីនជាំងជាច្រើននាក់បាននិយាយ អំពីរឿងរ៉ាវស្តីពីជីវភាពរស់នៅប្រកបដោយសុភមង្គល តាមរយៈការធ្វើពលកម្ម។ លោកស្រី ពូឈីគូលី យ៉ាសិន មកពីឃុំ Zhanmin ស្រុក Shufu ភូមិភាគស៊ីនជាំង បច្ចុប្បន្ននេះ លោកស្រីធ្វើការក្នុងរោងចក្រក្នុងតំបន់ មានប្រាក់ចំណូលឋិតថេរ ហើយក៏អាចមើលថែគ្រួសារផងដែរ។ លោកស្រីបានថ្លែងថា គោលនយោបាយស្តីពីការធ្វើការនៅកន្លែងជិតៗ បានកែប្រែវាសនារបស់ខ្លួន ។ លោកម៉ៃម៉ៃធីលី អ្នកក្រុងអាធូសនៃភូមិភាគស៊ីនជាំង ធ្លាប់ទៅរៀនសូត្រនិងធ្វើការនៅខេត្ត Jiangxi និងខេត្ត Fujian ជាបន្តបន្ទាប់ ហើយត្រឡប់ទៅស្រុកកំណើតវិញនិងបង្កើតរោងចក្រថ្ម នៅឆ្នាំ២០១៧ ដែលបានផ្ដល់ឱកាសការងារដល់អ្នកស្រុកចំនួន៣០នាក់។

អាចឱ្យឃើញថា មិនថាធ្វើការនៅកន្លែងជិតៗ ឬក៏រកការងារធ្វើនៅខេត្តក្រៅ សុទ្ធតែជាវិធីស្វែងរកជីវភាពរស់នៅ ប្រកបដោយសុភមង្គលរបស់ប្រជាជនភូមិភាគស៊ីនជាំងផងដែរ នេះជារឿងធម្មតានៅប្រទេសនានាលើពិភពលោក ក៏ប៉ុន្តែវាបានក្លាយជាទឹកកខ្វក់ ដែលអ្នកនយោបាយអាមេរិកយកមកស្រោចចំពោះភាគីចិន។

ពេលថ្មីៗកន្លងទៅនេះ មានព័ត៌មានមួយទៀតបានលាតត្រដាងនូវ មុខមាត់ពិតប្រាកដរបស់អាមេរិក ដែលបានបង្ករឿងហេតុ និងប្រឌិតពាក្យចចាមអារ៉ាម។ វិទ្យាស្ថានសិក្សាស្រាវជ្រាវគោលនយោបាយយុទ្ធសាស្ត្រអូស្ត្រាលី ដែលយកការប្រឌិតពាក្យកុហកពាក់ព័ន្ធនឹងភូមិភាគស៊ីនជាំង ជាការងារសំខាន់បានចេញផ្សាយរបាយការណ៍ប្រចាំឆ្នាំ នៅពេលថ្មីៗកន្លងទៅនេះ ដោយបង្ហើបថា ក្រសួងការបរទេសអាមេរិកជាប្រភពថវិកាដ៏ធំបំផុតរបស់វិទ្យាស្ថាននេះ។ ការនេះបានបញ្ជាក់យ៉ាងពេញលេញថា ការប្រឌិតពាក្យកុហកពាក់ព័ន្ធនឹងភូមិភាគស៊ីនជាំងនៃអង្គការនេះគឺ «យកលុយធ្វើការ» ពោលគឺគ្មានអ្វីគួរឱ្យជឿនោះទេ។ ទស្សនាវដ្តី «Australian Alert Service» ដែលជាប្រព័ន្ធសារព័ត៌មានអូស្ត្រាលី បានបូកសរុបក្នុងរបាយការណ៍មួយថា មនុស្សមួយចំនួនរបស់ភាគីអាមេរិក ក្តាប់ជាប់បញ្ហាភូមិភាគស៊ីនជាំងគឺមានបំណង «បំផុសការប៉ះទង្គិចរវាងជនជាតិនិងសាសនា ធ្វើបំបែកបំបាក់និយមនិងភេរវនិយម ដើម្បីបំផ្លាញប្រទេសចិន ដែលជាសត្រូវស្រមើស្រមៃរបស់ពួកគេ»។

ពាក្យកុហកនិងការញុះញង់នយោបាយណាមួយក៏ដោយ មិនអាចលុបចោលសមិទ្ធផលអភិវឌ្ឍនៃភូមិភាគស៊ីនជាំងបានឡើយ ហើយក៏មិនអាចរារាំងភូមិភាគស៊ីនជាំង បោះជំហានទៅកាន់វឌ្ឍនភាពនិងវិបុលភាពដែរ ។ អ្នកនយោបាយអាមេរិកមួយចំនួនកុំលូកដៃវែងពេក គួរតែដោះស្រាយបញ្ហាអាក្រក់ខាងសិទ្ធិមនុស្សរបស់ប្រទេសខ្លួនជាមុនសិន ។ ឧបាយកលដែល «សិទ្ធិមនុស្សក្លែងក្លាយ អនុត្តរភាពពិតប្រាកដ» គ្រាន់តែនឹងនាំឱ្យបំផ្លាញកេរ្តិ៍ឈ្មោះរបស់ខ្លួនឯង និងទទួលបរាជ័យនៅទីចុងបំផុត៕