(បាងកក)៖ អ្នកទោសរាប់រយនាក់ បានដុតបំផ្លាញពន្ធនាគារមួយកន្លែង នៅប្រទេសថៃ ក្នុងអំឡុងពេលធ្វើកុបកម្មរយៈពេល០២ថ្ងៃ ជុំវិញការដោះស្រាយបញ្ហាអ្នកទោសដែលបានឆ្លងជំងឺ COVID-19 ខណៈអ្នកទោសមួយចំនួនបានរងរបួស ស្របពេលក្រុមមន្ត្រីកំពុងព្យាយាមស្តារសណ្តាប់ធ្នាប់ឡើងវិញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៨ ខែធ្នូ ឆ្នាំ២០២១។

អាជ្ញាធរថៃ បាននិងកំពុងត្រួតពិនិត្យការខូចខាតនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីអ្នកទោសប្រហែល៤០០នាក់ ក្នុងពន្ធនាគារខាងលើដែលស្ថិតនៅ ភាគខាងត្បូងប្រទេសថៃ បានធ្វើកុបកម្ម ចាប់តាំងពីយប់ថ្ងៃព្រហស្បតិ៍មកម៉្លេះ ដោយទាមទារឱ្យយក អ្នកទោសដែលមានផ្ទុកជំងឺ COVID-19 ចេញ។ ពន្ធនាគារនោះ មានអ្នកទោសជាង ២,១០០នាក់ ហើយប្រហែល ៣០០នាក់បានធ្វើតេស្តវិជ្ជមានចំពោះជំងឺនេះ។

ក្រុមអ្នកទោស បានដុតកន្លែងដេករបស់ពួកគេ កាលពីល្ងាចថ្ងៃសុក្រម្សិលមិញនេះ ដោយមនុស្សចំនួន ៣១នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់។ ជុំវិញបញ្ហានេះ លោក គីស្នា ផាថាណាចារឿន (Kissana Phathanacharoen) អ្នកនាំពាក្យប៉ូលិសជាតិថៃ បាននិយាយថា ពួកគេត្រូវបាននាំខ្លួនទៅកាន់ពន្ធនាគារ ដែលសុវត្ថិភាពខ្ពស់ហើយ។

លោក Kissana Phathanacharoen បានបន្ថែមថា «មិនមានអ្នកស្លាប់ទេ មានតែរបួសតិចតួចប៉ុណ្ណោះ» បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា អ្នកទោសចំនួន ១៤នាក់បានរងរបួសដោយគ្រាប់កាំភ្លើងកៅស៊ូ។

គួរបញ្ជាក់ថា ពន្ធនាគារថៃ មានភាពចង្អៀតកកកុញខ្លាំង ដែលជាហេតុបង្កឲ្យជួបការលំបាក ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 ខណៈបើតាមនាយកដ្ឋានអប់រំកែប្រែរបស់ប្រទេសថៃ បានឱ្យដឹងថា អ្នកទោសជាង ៨៧,០០០នាក់ បានឆ្លងជំងឺនេះរួចហើយ ហើយក្នុងនោះ១៨៥នាក់បានស្លាប់ ស្របពេលស្ទើរតែ ៩៣ភាគរយនៃអ្នកទោសសរុបចំនួន ២៨១,៥៣៥នាក់នៅក្នុងប្រទេសថៃ បានទទួលការចាក់វ៉ាក់សាំងពេញលេញ៕