(ម៉ូស្គូ)៖ រុស្ស៊ី នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បាននិយាយថាត្រៀមខ្លួនជាស្រេច ដើម្បីបញ្ជូនអ្នកតំណាងឱ្យទៅចូលរួមក្នុងកិច្ចចរចាជាមួយសហរដ្ឋអាមេរិក ស្ដីពី ការធានាសន្តិសុខដែលទីក្រុងម៉ូស្គូ កំពុងស្វែងរកក្នុងចេតនាបន្ធូរបន្ថយវិបត្តិពាក់ព័ន្ធនឹងអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី១៧ ខែធ្នូ ឆ្នាំ២០២១។

បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមីទ្រី ប៉េស្កូវ (Dmitry Peskov) ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិនដែល បានជួបគ្នាតាមប្រព័ន្ធវីដេអូកាលពីថ្ងៃទី០៧ ខែធ្នូកន្លងទៅនេះ ក៏អាចនឹងជួបពិភាក្សាគ្នាម្ដងទៀតផងដែរ នៅមុនឆ្នាំថ្មីចូលមកដល់ បើទោះជាភាគីទាំង២ មិនទាន់សម្រេចបានកិច្ចព្រមព្រៀងណាមួយស្ដីពីវិបត្តិអ៊ុយក្រែនក៏ដោយ។ លោក Peskov បន្ថែមថាអនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គៃ រីយ៉ាបកូវ (Sergei Ryabkov) នឹងត្រៀមខ្លួនគ្រប់ពេលវេលា ដើម្បីចូលរួមក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅឯប្រទេសអព្យាក្រឹតណាមួយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក និងអ៊ុយក្រែន បានចោទប្រកាន់ថារុស្ស៊ីបានដាក់ពង្រាយកងទ័ពច្រើនជាង ៩០,០០០នាក់ នៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន ដែល នេះទំនងជាការត្រៀមលក្ខណៈបើកការវាយប្រហារ។ ប៉ុន្តែ រុស្ស៊ី បានទាត់ចោលការចោទប្រកាន់នេះ ហើយអះអាងថាខ្លួនទៅវិញទេដែលកំពុងរង ការគំរាមកំហែងពីអង្គការ NATO និងអ៊ុយក្រែនដែលចង់ចូលជាសមាជិកបក្សសម្ពន្ធយោធាអាត្លង់ទិចមួយនេះ៕