(ញូវដេលី)៖ កងកម្លាំងអាកាសឥណ្ឌា (IAF) បានបញ្ជាក់ថា មន្ត្រីយោធាជាន់ខ្ពស់របស់ឥណ្ឌាម្នាក់ បានស្លាប់នៅថ្ងៃពុធនេះនៅពេលដែលឧទ្ធម្ភាគចក្ររបស់កងកម្លាំងអាកាសឥណ្ឌាដឹកមនុស្ស១៤ នាក់បានធ្លាក់នៅភាគខាងត្បូងប្រទេសឥណ្ឌា ដោយ IAF បានបញ្ជាក់ថា មានអ្នកនៅរស់រានមានជីវិតតែម្នាក់ប៉ុណ្ណោះ។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

ប្រភពពីកងទ័ពអាកាសឥណ្ឌាបានឲ្យដឹងថា នាយសេនាធិការការពារជាតិលោក Bipin Rawat បានទទួលមរណៈភាពហើយ ជាមួយភរិយារបស់លោក គឺលោកស្រី Madhulika Rawat ក្នុងឧបទ្ទវហេតុខាងលើដែលបានកើតឡើងនៅក្នុងស្រុក នីលជីរីស (Nilgiris) នៃរដ្ឋ Tamil Nadu។

លោក Bipin Rawat វ័យ ៦៣ឆ្នាំ ត្រូវបានតែងតាំងជា នាយសេនាធិការចម្រុះដំបូងបង្អស់នៃកងទ័ពឥណ្ឌា កាលពីខែមករា ឆ្នាំ២០១៩។ មុខតំណែងនេះត្រូវបានបង្កើតឡើង ក្រោមគោលដៅធ្វើសមាហរណកម្មយោធាទាំង ៣ ផ្នែករបស់ឥណ្ឌា គឺទ័ពជើងគោក ទ័ពជើងទឹក និងទ័ពជើងអាកាស៕