(បាងកក)៖ មហាសេដ្ឋីថៃមួយរូប ដែលរងការចោទប្រកាន់ពីបទបរបាញ់សត្វខុសច្បាប់ ក្នុងឧទ្យានជាតិអភិរក្សសត្វព្រៃ នៅប្រទេសថៃ នាថ្ងៃពុធនេះបានទទួលបរាជ័យជាផ្លូវការ នូវពាក្យប្តឹងឧទ្ធរណ៍ចុងក្រោយបំផុតរបស់ខ្លួន បន្ទាប់ពីសំណុះរឿងនេះ បានអូសបន្លាយអស់រយៈពេលប៉ុន្មានឆ្នាំមកហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

លោក ព្រេមឆៃ ការណាស៊ូតា (Premchai Karnasuta) ដែលជាមហាសេដ្ឋីផ្នែកសំណង់ម្នាក់ ត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីខែកុម្ភៈ ឆ្នាំ២០១៨ នៅពេលដែលក្រុមមន្រ្តីឧទ្យានអភិរក្សបានរកឃើញកាំភ្លើង សាកសពសត្វ និងស្បែកសត្វមួយចំនួន នៅកន្លែងបោះតង់របស់លោក ក្នុងឧទ្យានជាតិអភិរក្សព្រៃឈើ និងជីវៈចំរុះ ធុងឆែណារ៉េសួន (Thung Yai Naresuan) នៃខេត្ត កញ្ចណាបុរី (Kanchanaburi) ភាគខាងលិចប្រទេសថៃ។

តុលាការខេត្ត កញ្ចណាបុរី បានរកឃើញថា លោក ព្រេមឆៃ មានទោសពីបទល្មើសចំនួន៣ ពាក់ព័ន្ធសកម្មភាពបរបាញ់សត្វខុសច្បាប់ ហើយសម្រេចផ្តន្ទាទោសរយៈពេល១៦ខែ។ ក្រោយមក រយៈពេលនេះត្រូវបានដំឡើងដល់ ៣ឆ្នាំ ២ខែ ដោយតុលាការឧទ្ធរណ៍ថៃ។ រហូតមកទល់ថ្ងៃពុធនេះ ដែលជាការសម្រេចចុងក្រោយបំផុត តុលាការកំពូលថៃ បានរក្សាសាលក្រមដដែល គឺកាត់ក្តីឲ្យលោក ព្រេមឆៃ មានទោសត្រូវជាប់ពន្ធនាគារ៣ឆ្នាំ ២ខែ។

គួរបញ្ជាក់ថា មហាសេដ្ឋីថៃរូបនេះ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារស្រុក ថោង ផាភូមិ (Thong Pha Phum) ហើយរូបលោក និងចុងចោទ២នាក់ផ្សេងទៀត ក៏ត្រូវបានតុលាការបង្គាប់ឲ្យ បង់ប្រាក់សំណងចំនួន ២លានបាត ឬស្មើនឹង៦០,០០០ដុល្លារអាមេរិកផងដែរ៕