(ប៉េកាំង)៖ ថ្ងៃទី៧ ខែធ្នូ កិច្ចប្រជុំកំពូល Zijinshan នៃសហគ្រិនត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ឆ្នាំ២០២១ បានប្រារព្ធធ្វើតាមប្រព័ន្ធវីដេអូនៅក្រុង ណាជីង និងក្រុងតៃប៉ិ ក្នុងពេលដំណាលគ្នា។ លោក Wang Yang សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន បានផ្ញើសារលិខិតជូនពរ ចំពោះក្រុមប្រឹក្សានៃកិច្ចប្រជុំកំពូល នៃសហគ្រិនត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ដោយបានតំណាងឱ្យមជ្ឈិមបក្សកុម្មុយនិស្តចិន និងលោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន សម្តែងការជូនពរចំពោះការប្រារព្ធធ្វើនៃកិច្ចប្រជុំ ក៏ដូចជាសួរសុខទុក្ខចំពោះសមាជិក នៃកិច្ចប្រជុំកំពូលទាំងអស់ និងភ្ញៀវមានវត្តមានក្នុងកិច្ចប្រជុំ។

ថ្លែងក្នុងសារលិខិត លោក Wang Yang បានលើកឡើងថា ការបង្កើនកិច្ចសហប្រតិបតិ្តការផ្នែកសេដ្ឋកិច្ច រវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ វាសមស្របនឹងគោលបំណងរួមរបស់ប្រជាជន នៃត្រើយទាំងសងខាង និងមានអំណោយផលដល់ការបង្កើនសុខសុភមង្គល ដល់បងប្អូនរួមជាតិ។ ពិតមែនជាបានរងឥទ្ធិពល អវិជ្ជមានជាច្រើនក៏ដោយ ក៏ប៉ុន្តែទំហំពាណិជ្ជកម្មរវាងត្រើយទាំងសងខាង នៅតែរក្សាបាននូវកំណើនយ៉ាងឆាប់រហ័ស។ កិច្ចសហប្រតិបតិ្តការខាងសេដ្ឋកិច្ចរវាងត្រើយទាំងសងខាង មានកម្លាំងចលករ និងភាពធន់យ៉ាងខ្លាំង ជានិច្ចកាល ចិនដីគោកតែងតែជាទីកន្លែងមានប្រជាប្រិយភាព ដែលសហគ្រាសតៃវ៉ាន់ជាច្រើនចូលចិត្តបណ្តាក់ទុន និងប្រកបអាជីវកម្ម។

លោក Wang Yang បានគូសបញ្ជាក់ថា កិច្ចប្រជុំពេញអង្គលើកទី ៦ នៃនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនអាណតិ្តទី ១៩ បានបូកសរុបដោយគ្រប់ជ្រុងជ្រោយ នូវសមិទ្ធផលសំខាន់ៗ និងបទពិសោធន៍ប្រវត្តិសាស្ត្រ ក្នុងការខិតខំតស៊ូរយៈពេល ១០០ឆ្នាំ ហើយបានបង្ហាញឱ្យឃើញនូវគោលជំហរដ៏មុតមាំ និងការបេ្តជ្ញាចិត្ត សម្រាប់ជំរុញការបង្រួបបង្រួមប្រទេសជាតិទាំងស្រុង ក្នុងដំណើរស្តារភាពរុងរឿងប្រជាជាតិចិនឡើងវិញ។

លោក Wang Yang បានលើកឡើងទៀតថា សហគ្រាសជាអ្នកទទួលបានផលប្រយោជន៍ ពីការអភិវឌ្ឍដោយសន្តិភាព នៃទំនាក់ទំនងរវាងត្រើយទាំងសងខាងច្រកសមុទ្រតៃវ៉ាន់ ហើយក៏ជាស្ថាបនិកនៃបុព្វហេតុបង្រួបបង្រួមប្រទេសជាតិផងដែរ។ រំពឹងថា សហគ្រិននៃត្រើយទាំងសងខាង អាចរួមចំណែកក្នុងការជំរុញការបង្រួបបង្រួមប្រទេសជាតិ និងសម្រេចបាននូវភាពរុងរឿងនៃប្រជាជាតិចិនឡើងវិញ៕