(ញូយ៉ក)៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានប៉ះពាល់ជាមួយមន្ត្រី UN ម្នាក់ដែលបានឆ្លង COVID-19 នៅថ្ងៃអង្គារ សប្ដាហ៍នេះ ហើយបច្ចុប្បន្នលោកកំពុងធ្វើចត្តាឡីស័កដោយខ្លួនឯង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១។

ទីភ្នាក់ងារសារព័ត៌មាន AFP ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីការទូតជាច្រើននាក់ បានឱ្យដឹងទៀតថា លោក Guterres មានអាយុ ៧២ឆ្នាំ បានលុបចោលការចួលរួមរបស់លោកក្នុងជំនួបប្រជុំដោយផ្ទាល់ជាច្រើន ក្នុងនោះរួមមានទាំងការចូលរួមជាភ្ញៀវកិត្តិយសក្នុងកម្មវិធីប្រចាំឆ្នាំ នៃសមាគម អ្នកសារព័ត៌មានប្រចាំ UN (UN Press Association) ក្នុងសង្កាត់ Manhattan នៅថ្ងៃពុធនេះ (ម៉ោងនៅញ៉ូយក) ព្រមទំាងកិច្ចប្រជុំនៃ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្ដីពីបញ្ហាប្រឈមនៃអំពើភេរវកម្ម និងការប្រែប្រួលអាកាសធាតុដែលគ្រោងនឹងធ្វើឡើងថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ។

តែយ៉ាងណាក៏ដោយ, ខាងអ្នកនាំពាក្យរបស់លោក Antonio Guterres មិនបានបង្ហើបថាតើលោកអគ្គលេខាធិការអង្គការសហប្រជាជាតិមានស្ថានភាព សុខភាព ឬថាតើមានរោគសញ្ញាធ្ងន់ ឬក៏ស្រាលនោះទេ៕