(ស៉ីដនី)៖ នាយករដ្ឋមន្ត្រីអូស្រ្តាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) នៅថ្ងៃពុធ ទី០៨ ខែធ្នូ ឆ្នាំ២០២១នេះបាននិយាយថា ប្រទេសអូស្ត្រាលី នឹងចូលរួមជាមួយសហរដ្ឋអាមេរិក ក្នុងការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង នៅខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ ដែលជាការសម្រេចចិត្តដ៏ប្រថុយប្រថានមួយ ចំពោះមុខទំនាក់ទំនងទ្វេភាគីជាមួយចិន ដែលមានភាពជូរចត់រួចទៅហើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

លោក Scott Morrison បានថ្លែងថា ទីក្រុងកង់បេរ៉ា (Canberra) នឹងចូលរួមក្នុងការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅនាពេលខាងមុខនេះ ទោះបីជាមានការគំរាមកំហែង ចាត់វិធានការតបតវិញយ៉ាងម៉ឺងម៉ាត់ ពីប្រទេសចិនក៏ដោយ។ លោក Scott Morrison បានគូសបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នៅទីក្រុងស៊ីដនីថា «មន្រ្តីរដ្ឋាភិបាលអូស្ត្រាលី មានឆន្ទៈក្នុងការធ្វើបែបនេះ ដូច្នេះយើងនឹងមិនទៅកាន់ប្រទេសចិន ដើម្បីចូលរួមព្រឹត្តិការណ៍កីឡាទាំងនោះទេ ប៉ុន្តែអត្តពលិកអូស្ត្រាលីនឹងទៅចូលរួមប្រកួតជាធម្មតា»

សម្រាប់មូលហេតុដែលនាំឲ្យអូស្ត្រាលីសម្រេចចិត្តដូចខាងលើនេះ គឺមិនសូវខុសពីសហរដ្ឋអាមេរិកនោះឡើយ ដោយពាក់ព័ន្ធនឹងរបាយការណ៍សិទ្ធិមនុស្ស ទៅលើតំបន់ស៊ីនជាំងរបស់ចិន និងការឆ្លើយតបចំពោះជម្លោះផ្នែកពាណិជ្ជកម្ម ដែលអូស្ត្រាលីកំពុងទទួលរងការរាំងខ្ទប់ពីចិន។

គួរបញ្ជាក់ថា កាលពីថ្ងៃអង្គារសប្តាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បានថ្លែងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះការធ្វើពហិការពីសំណាក់សហរដ្ឋអាមេរិក ហើយនឹងចាត់វិធានការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់។ លោក Zhao Lijian បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំងថា «ផែនការ» របស់សហរដ្ឋអាមេរិកក្នុងការព្យាយាម បង្អាក់ព្រឹត្តិការណ៍កីឡាអូឡាំពិក នោះនឹងទទួលភាពបរាជ័យ ដែលនាំឲ្យអាមេរិកបាត់បង់សិទ្ធិអំណាច សីលធម៌ និងភាពជឿជាក់។

ប្រទេសចិនក៏បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការនាំយកនយោបាយ មកលាយឡំក្នុងវិស័យកីឡា ដោយទីក្រុងប៉េកាំងបានសង្កត់ធ្ងន់បន្ថែមទៀតថា ការធ្វើពហិការនេះគឺជាទង្វើផ្ទុយស្រឡះ ពីគោលការណ៍នៃកីឡាអូឡាំពិក។ ដោយឡែក ប្រទេសនូវែលសេឡង់ក៏បានសម្រេចចិត្ត មិនបញ្ជូនអ្នកការទូតទៅចូលរួម ពិធីបើកព្រឹត្តិការណ៍កីឡាអូឡាំពិក នៅទីក្រុងប៉េកាំងផងដែរ ប៉ុន្តែគឺស្ថិតក្នុងហេតុផល COVID-19 ប៉ុណ្ណោះ៕