(ប៉េកាំង)៖ ប្រទេសចិននៅថ្ងៃអង្គារនេះបានព្រមានថា ការធ្វើពហិការផ្នែកការទូតរបស់សហរដ្ឋអាមេរិក ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ២០២២ខាងមុខ អាចប៉ះពាល់ដល់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យសំខាន់ៗ ហើយចិនក៏បានអំពាវនាវកុំឱ្យសហរដ្ឋអាមេរិក យករឿងនយោបាយ ទៅលាយឡំជាមួយរឿងកីឡាផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅល្ងាចថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

នៅថ្ងៃចន្ទសប្ដាហ៍នេះ សេតវិមានបានប្រកាសជាផ្លូវការ អំពីការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន ជាការឆ្លើយតបទៅនឹងអ្វីដែលទីក្រុងវ៉ាស៊ីនតោន បានចោទប្រកាន់ទៅលើ របាយការណ៍សិទ្ធិមនុស្សនៅប្រទេសចិន ជាពិសេសនៅតំបន់ស៉ីនជាំង បើទោះបីជាអត្តពលិករបស់អាមេរិក នឹងនៅតែត្រូវធ្វើដំណើរទៅកាន់ប្រទេសចិន ដើម្បីចូលរួមការប្រកួតកីឡានោះក៏ដោយ។

អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ចាវ លីចៀន (Zhao Lijian) បានថ្លែងនៅថ្ងៃអង្គារនេះថា ប្រទេសចិនបានប្រឆាំងដាច់ខាត ចំពោះការធ្វើពហិការនេះ ហើយនឹងចាត់វិធានការឆ្លើយតបវិញយ៉ាងម៉ឺងម៉ាត់។ លោក Zhao Lijian បានគូសបញ្ជាក់ប្រាប់សន្និសីទសារព័ត៌មាន នៅទីក្រុងប៉េកាំង ប្រទេសចិនថា «ផែនការ» របស់សហរដ្ឋអាមេរិកក្នុងការព្យាយាម បង្អាក់ព្រឹត្តិការណ៍កីឡាអូឡាំពិក នោះនឹងទទួលភាពបរាជ័យ ដែលនាំឲ្យអាមេរិកបាត់បង់សិទ្ធិអំណាច សីលធម៌ និងភាពជឿជាក់។

គួរបញ្ជាក់ថា ប្រទេសចិនក៏បានជំរុញឱ្យសហរដ្ឋអាមេរិក បញ្ឈប់ការនាំយកនយោបាយ មកលាយឡំក្នុងវិស័យកីឡា ដោយទីក្រុងប៉េកាំងបានសង្កត់ធ្ងន់បន្ថែមទៀតថា ការធ្វើពហិការនេះគឺជាទង្វើផ្ទុយស្រឡះ ពីគោលការណ៍នៃកីឡាអូឡាំពិក៕