(វ៉ាស៉ីនតោន)៖ មជ្ឈមណ្ឌលបង្ការ និងគ្រប់គ្រងជំងឺឆ្លង (CDC) របស់សហរដ្ឋអាមេរិក នៅថ្ងៃចន្ទសប្ដាហ៍នេះ (ពេលវេលានៅវ៉ាស៉ីនតោន) បានចេញសេចក្ដីណែនាំ កុំឱ្យពលរដ្ឋរបស់ខ្លួនធ្វើដំណើរទៅកាន់ប្រទេសបារាំង ហ៊្សកដានី ព័រទុយហ្គាល់ និងតង់ហ្សានី ដោយលើកឡើងពី ការព្រួយបារម្ភអំពីការឆ្លងរីករាលដាលនៃជំងឺ COVID-19។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

នៅថ្ងៃចន្ទសប្ដាហ៍នេះ CDC អាមេរិក បានបញ្ចូលបន្ថែមប្រទេសអង់ដូរ៉ា (Andorra), ស៉ីប (Cyprus) និងលិចតិនស្ដាញ (Liechtenstein) ចូលទៅក្នុងកម្រិតប្រកាសអាសន្នលេខ៤ ដែលជាកម្រិតប្រកាសអាសន្នពីជំងឺ COVID-19 «ខ្ពស់បំផុត» ហើយបញ្ជីប្រកាសអាសន្នរបស់ខ្លួន នាពេលឥឡូវនេះ មានប្រទេសចំនួន ៨៣ហើយ។

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ក៏បានដាក់ចេញនូវគោលការណ៍ថ្មី ដែលចូលជាធរមាននៅថ្ងៃចន្ទសប្ដាហ៍នេះផងដែរ ដោយតម្រូវឱ្យអ្នកដំណើរតាមផ្លូវអាកាសអន្តរជាតិ ដែលមកដល់សហរដ្ឋអាមេរិក បង្ហាញលទ្ធផលតេស្តអវិជ្ជមាននៃជំងឺ COVID-19 ក្នុងរយៈពេលមួយថ្ងៃនៃការធ្វើដំណើរ ខណៈគោលការណ៍ពីមុន កំណត់ឲ្យអ្នកធ្វើដំណើរតាមផ្លូវកាសអន្តរជាតិ ដែលបានទទួលការចាក់វ៉ាក់សាំងរួចរាល់ អាចបង្ហាញលទ្ធផលតេស្តអវិជ្ជមាននៃជំងឺ COVID-19 ក្នុងរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃចេញដំណើររបស់ពួកគេ៕