(ហ្សេរុយសាឡឹម)៖ រដ្ឋាភិបាលអ៉ីស្រាអែល នៅថ្ងៃចន្ទសប្ដាហ៍នេះ បានសម្រេចចិត្តផ្អាកផែនការតាំងទីលំនៅដ៏ធំមួយ ក្នុងទីក្រុងហ្សេរុយសាឡឹម ខាងកើត (East Jerusalem) ដែលធ្លាប់ទទួលរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ។ នេះបើតាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

អ៉ីស្រាអែលមានផែនការសាងសង់ផ្ទះដល់ទៅ ៩,០០០ខ្នង សម្រាប់ជនជាតិជ្វីហ្វ ដែលត្រូវបានគេមើលឃើញថានឹងជួយពង្រឹងការធ្វើ អាណានិគមន៍គ្រប់គ្រងតំបន់ West Bank។ ផែនការនេះត្រូវបានអនុម័តកាលពីខែវិច្ឆិកា កន្លងទៅ។ ប៉ុន្តែ នៅថ្ងៃចន្ទសប្ដាហ៍នេះ រដ្ឋាភិបាលអ៉ីសា្រអែល ស្រាប់តែសម្រេចចិត្តផ្អាកការអនុវត្តផែនការនេះ ដោយសំអាងថារង់ចាំលទ្ធផលសិក្សាពីផលប៉ះពាល់ដល់បរិស្ថាន ជាមុនសិន ហើយក៏មិនបានបញ្ជាក់អ្វីបន្ថែមលើសពីនេះដែរ។

គួរបញ្ជាក់ថា អ៉ីស្រាអែល បានគ្រប់គ្រងតំបន់ West Bank និងទីក្រុងហ្សេរុយសាឡឹម ខាងកើត (East Jerusalem) នៅក្នុងសង្រ្គាមជាមួយ បណ្ដាប្រទេសអារ៉ាប់ ក្នុងឆ្នាំ១៩៦៧។ ចំណែកឯ ប៉ាឡេស្ទីន បានព្យាយាមស្វែងរកការបង្កើតរដ្ឋមួយនៅក្នុងតំបន់ West Bank និង Gaza ហើយចង់យកទីក្រុងហ្សេរុយសាឡឹម ខាងកើត ធ្វើជារដ្ឋធានីរបស់ខ្លួន៕