(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី០៦ ខែធ្នូ (ពេលវេលានៅវ៉ាស៊ីនតោន) បានប្រកាសជាផ្លូវការអំពីការធ្វើពហិការផ្នែកការទូត ចំពោះព្រឹត្តិការកីឡាអូឡាំពិករដូវរងា ដែលនឹងប្រព្រឹត្តទៅនៅទីក្រុងប៉េកាំង ប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ២០២២។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃអង្គារ ទី០៧ ខែធ្នូ ឆ្នាំ២០២១។

ការសម្រេចចិត្តដោយសហរដ្ឋអាមេរិកខាងលើនេះ គឺជាការឆ្លើយតបទៅនឹងអ្វី ដែលទីក្រុងវ៉ាស៊ីនតោនបានចោទប្រកាន់ ទៅលើរបាយការណ៍សិទ្ធិមនុស្សនៅប្រទេសចិន ជាពិសេសនៅតំបន់ស៊ីនជាំង ហើយវាក៏បានកើតមានឡើងក្រោយពីរដ្ឋបាលលោក ចូ បៃដិន បានចំណាយពេលអស់ជាច្រើនសប្តាហ៍ ដើម្បីគិតគូរអំពីចំណាត់ការ ដែលខ្លួននឹងត្រូវធ្វើក្នុងន័យប្រឆាំងចិន។

ចំពោះមុខក្រុមអ្នកសារព័ត៌មាននៅអាមេរិក នៅថ្ងៃចន្ទសប្តាហ៍នេះ អ្នកនាំពាក្យសេតវិមានលោកស្រី ចេន ផ្សាគី (Jen Psaki) បានលើកឡើងថា «ក្រុមអត្តពលិករបស់សហរដ្ឋអាមេរិក មានការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់យើងទាំងអស់គ្នា។ យើងនឹងស្ថិតនៅពីក្រោយ គាំទ្រពួកគេ ១០០% និងលើកទឹកចិត្តពួកគេពីផ្ទះ...»

គួរបញ្ជាក់ថា ភ្លាមៗបែបនេះ ទីក្រុងប៉េកាំងមិនទាន់ធ្វើការឆ្លើយតបណាមួយនៅឡើយទេ ប៉ុន្តែកាលពីពេលថ្មីៗកន្លងទៅនេះ ក្រសួងការបរទេសចិនធ្លាប់បានព្រមានថា ខ្លួននឹងមានការប្រឆាំងតបវិញយ៉ាងម៉ឺងម៉ាត់ ប្រសិនបើមានការធ្វើពហិការណាមួយ ចំពោះព្រឹត្តិការណ៍កីឡាអូឡាំពិកខាងលើនេះ។ ដោយឡែក ចក្រភពអង់គ្លេសដែលធ្លាប់បានអះអាងថា នឹងធ្វើការសម្រេចចិត្តដូចសហរដ្ឋអាមេរិកនោះ ក៏នៅមិនទាន់មានប្រតិកម្មអ្វីនៅឡើយដែរ៕