(វ៉ាស៉ីនតោន)៖ តំណាងរាស្រ្តអាមេរិកមួយរូប បានទទួលរងការរិះគន់យ៉ាងចាស់ដៃពីសាធារណជន បន្ទាប់ពីលោកបានបង្ហោះរូបថតរដូវបុណ្យ Christmas មួយសន្លឹក ដែលក្នុងនោះរូបលោកនិងសមាជិកគ្រួសារ សុទ្ធតែកាន់កាំភ្លើងម្នាក់មួយដើម ខណៈកាលពីប៉ុន្មានមុន ទើបតែមានករណីបាញ់ប្រហារស្លាប់មនុស្ស នៅសាលារៀនមួយកន្លែង។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

លោក ថូម៉ាស់ ម៉េស្ស៉ី (Thomas Massie) ដែលជាតំណាងរាស្រ្តបក្សសាធារណរដ្ឋអាមេរិក ប្រចាំនៅរដ្ឋខិនថាក់គី (Kentucky) បានបង្ហោះរូបថតខាងលើតាមបណ្តញសង្គម Twitter កាលពីថ្ងៃអាទិត្យ ទី០៥ ខែធ្នូ ដោយភ្ជាប់ជាមួយខ្លឹមសារថា «រីករាយរដូវបុណ្យគ្រីស្មាស់! សូមលោកតា ណូអែល ជួយនាំគ្រាប់កាំភ្លើងមកឲ្យផង»។ អ្នកប្រើប្រាស់អ៉ិនធើណែតនៅអាមេរិក ក៏បាននាំគ្នាបញ្ចេញមតិរិះគន់លោក ម៉េស្ស៉ី ជាបន្តបន្ទាប់។

គួរបញ្ជាក់ថា រូបថតខាងលើ ត្រូវបានបង្ហោះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយករណីបាញ់ប្រហារ នៅសាលារៀនមួយកន្លែង ក្នុងរដ្ឋមីឈីហ្កាន់ (Michigan) ដែលបានផ្តាច់ជីវិតក្មេងជំទង់៤នាក់ ហើយមនុស្ស៧នាក់ទៀតរងរបួស ក្រោមស្នាដៃសិស្សអាយុ១៥ឆ្នាំម្នាក់ ដែលប្រើកាំភ្លើងរបស់ឪពុកខ្លួន។ ឪពុកម្តាយជនសង្ស័យ ត្រូវបានចោទប្រកាន់ពី បទមនុស្សឃាតដោយអចេតនា ដោយសារមិនព្រមព្យាយាមទប់ស្កាត់កូនរបស់ខ្លួន ក្រោយដឹងពីសញ្ញាមិនប្រក្រតីរួចស្រេចទៅហើយ។

ករណីនោះ គឺជាករណីបាញ់ប្រហារថ្មីចុងក្រោយគេ ក្នុងចំណោមអំពើហិង្សាដោយកាំភ្លើងជាច្រើនផ្សេងទៀត នៅសហរដ្ឋអាមេរិក ដែលបានបង្កឲ្យ មានការជជែកដេញដោលមតិយ៉ាងក្តៅគគុក អំពីច្បាប់និងសិទ្ធិនៃការប្រើប្រាស់កាំភ្លើង៕