(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ៣៥,០៦៥នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១៥៥នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៩៦៩,៨៥៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៨,៧៦៣នាក់ និងជាសះស្បើយឡើងសរុប ៣៩.៥២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

ទោះបីជាការលេចឡើងនៃវីរុសបំប្លែងថ្មី Omicron ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅទូទាំងពិភពលោកក៏ដោយ ក៏អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) បានគូសបញ្ជាក់ថា «រហូតមកដល់ពេលនេះ វាមើលទៅហាក់បីដូចជា មិនមានភាពធ្ងន់ធ្ងរខ្លាំងទេ ហើយវាពិតជាលឿនពេក ដើម្បីដឹងថាតើវីរុសបំប្លែងថ្មី Omicron អាចនឹងធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏យ៉ាងណានោះដែរ ខណៈយើងត្រូវការការសិក្សាបន្ថែមទៀត»

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៦៩លានដូស ក្នុងនោះប្រជាជន ២៣៥.៣លាននាក់ (៧១.៤% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៧.០៧លាននាក់ (៥៩.៨% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៤៥.២១លាននាក់ (១៣.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕