(វ៉ាស៉ីនតោន)៖ ក្រុមមន្ត្រីសុខាភិបាលសហរដ្ឋអាមេរិក នៅថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ (ពេលវេលានៅវ៉ាស៉ីនតោន) បាននិយាយថា វីរុសបំប្លែងថ្មី អូមីក្រុង (Omicron) បានឆ្លងរីករាលដាលដល់រដ្ឋប្រហែល «មួយភាគបី» នៃរដ្ឋទាំង ៥០ របស់សហរដ្ឋអាមេរិកហើយ ប៉ុន្តែវីរុសបំប្លែងថ្មី Delta នៅតែជាភាគច្រើននៃករណីឆ្លងជំងឺ COVID-19 ដែលបង្កឱ្យករណីឆ្លងសរុបនៅទូទាំងប្រទេស កើនឡើងយ៉ាងគំហុក។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១។

ទោះបីជាការលេចចេញឡើងនៃវីរុសបំប្លែងថ្មី Omicron ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើល នៅទូទាំងពិភពលោកក៏ដោយ អ្នកជំនាញកំពូលផ្នែកជំងឺឆ្លងសហរដ្ឋអាមេរិក លោកវេជ្ជបណ្ឌិត អាន់ថូនី ហ្វាវស៉ី (Anthony Fauci) បានគូសបញ្ជាក់ប្រាប់សារព័ត៌មាន CNN ថា «រហូតមកដល់ពេលនេះ វាមើលទៅហាក់បីដូចជា មិនមានភាពធ្ងន់ធ្ងរខ្លាំងទេ ហើយវាពិតជាលឿនពេក ដើម្បីដឹងថាតើវីរុសបំប្លែងថ្មី Omicron អាចនឹងធ្វើឱ្យអ្នកជំងឺធ្លាក់ខ្លួនឈឺធ្ងន់ ឬក៏យ៉ាងណានោះដែរ ខណៈយើងត្រូវការការសិក្សាបន្ថែមទៀត»

បើតាមតួលេខពីទីភ្នាក់ងារសារព័ត៌មាន Reuters យ៉ាងហោចណាស់ រដ្ឋចំនួន ១៦ នៃសហរដ្ឋអាមេរិកហើយ ដែលបានរាយការណ៍ពីការរកឃើញករណីឆ្លងវីរុសបំប្លែងខ្លួនថ្មី Omicron រួមមានរដ្ឋកាលីហ្វ័រញ៉ា (California), ខូឡូរ៉ាដូ (Colorado), ខុនណិចធីខឹត (Connecticut), ហាវ៉ៃ (Hawaii), ល្វីស្យាណា (Louisiana), ម៉ារីឡែនដ៍ (Maryland), ម៉ាស្សាឈូសេតស៍ (Massachusetts), មីនីសូតា (Minnesota), មីសសួរី (Missouri), ណេប្រាស្កា (Nebraska), ញូជឺស៉ី (New Jersey), ញូយ៉ក (New York), ភែនស៊ីលវេនៀ (Pennsylvania), យូតាហ៍ (Utah), វ៉ាស៊ីនតោន (Washington) និង វីស្កុនស៉ីន (Wisconsin)។ ករណីភាគច្រើន ស្ថិតក្នុងចំណោមអ្នក ដែលបានទទួលការចាក់វ៉ាក់សាំងពេញលេញរួចរាល់ ជាមួយរោគសញ្ញាស្រាល៕