(សេអ៊ូល)៖ អាជ្ញាធរសុខាភិបាលកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញអ្នកឆ្លង COVID-19 ចំនួន ៥,៣៥២នាក់ ដែលជាតួលេខ ខ្ពស់បំផុតមិនធ្លាប់មាន ចាប់តាំងពីខែកក្កដាមក និងស្លាប់ថ្មី ៧០នាក់ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

បើតាមមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺឆ្លងកូរ៉េ KDCA អត្រាអ្នកជំងឺសម្រាកមន្ទីរពេទ្យបានកើនឡើងយ៉ាងឆាប់រហ័ស ដោយក្នុងនោះមានអ្នកជំងឺ COVID-19 ចំនួន ៧៥២នាក់ មានរោគសញ្ញាធ្ងន់ធ្ងរគិតត្រឹមថ្ងៃសុក្រសប្ដាហ៍នេះ។ KDCA ក៏បានទទួលស្គាល់ផងដែរពីការរកឃើញវីរុសបំប្លែងថ្មី Omicron ៣ករណីបន្ថែមទៀតធ្វើឱ្យករណីឆ្លង វីរុសបំប្លែងថ្មីនេះកើនដល់ ៩ករណី បន្ទាប់ពីមនុស្ស ២នាក់ជាប្ដីប្រពន្ធដែលបានចាក់វ៉ាក់សាំងបង្ការពេញលេញ ត្រូវបានតេស្ដវិជ្ជមានវីរុសបំប្លែងថ្មីនេះ ក្រោយពួកគេធ្វើដំណើរ ត្រឡប់មកពីប្រទេសនីហ្សេរីយ៉ាវិញ កាលសប្ដាហ៍មុន។

គួរបញ្ជាក់ថា នៅអំឡុងការសាកល្បងរៀនរស់ជាមួយ COVID-19 និងចំពោះមុខការបារម្ភពីវីរុសបំប្លែងថ្មី Omicron កូរ៉េខាងត្បូងបានដាក់ចេញវិធានការរឹតត្បិតមួយចំនួន ឡើងវិញ ក្នុងនោះរួមមានទាំងការបង្ហាញបណ្ណចាក់វ៉ាក់សាំង មុនចូលក្នុងរោងភាពយន្ដ, ភោជនីយដ្ឋាន ឬទីសាធារណៈដទៃ ព្រមទាំងតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ១០ថ្ងៃ សម្រាប់អ្នកដំណើរមកពីក្រៅប្រទេសផងដែរ។ កូរ៉េខាងត្បូងមានអ្នកឆ្លងជំងឺ COVID-19 សរុប ៤៦៧,៩០៧នាក់ ក្នុងនោះស្លាប់ ៣,៨០៩នាក់ និងជាសះស្បើយឡើងវិញ ៤០៥,៥៤៣នាក់៕