(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ជឿជាក់ថារុស្ស៊ីពិតជាមានផែនការប្រើប្រាស់កម្លាំងយោធាវាយប្រហារលើប្រទេសអ៊ុយក្រែន នៅដើមឆ្នាំ២០២២ ខាងមុខនេះ ហើយកងទ័ពរុស្ស៊ីប្រហែលជា ១៧៥,០០០នាក់អាចនឹងចូលរួមក្នុងផែនការនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃសៅរ៍ ទី០៤ ខែធ្នូ ឆ្នាំ២០២១។

សារព័ត៌មាន Washington Post ដោយផ្អែកលើប្រភពដែលខ្លួនទទួលបានពីមន្ត្រីស៊ើបការណ៍សម្ងាត់អាមេរិក ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឱ្យដឹងទៀតថាកងទ័ពរុស្ស៊ី ជាងពាក់កណ្ដាល បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការដាក់ពង្រាយនៅតាមទីតាំងជាច្រើននៅក្បែរតំបន់ព្រំដែនអ៊ុយក្រែន។ មន្ត្រីរូបនេះដដែលបន្ថែមថានៅក្រោមផែនការ របស់ខ្លួន រុស្ស៊ីនឹងចល័តកងទ័ពចេញពីកងវរសេនាតូចជាង១០០ រួមទាំងរថពាសដែក, កាំភ្លើង និងអាវុធជាច្រើនទៀត។

គួរបញ្ជាក់ថា រុស្ស៊ីត្រូវបានគេរាយការណ៍ថាបានប្រមូលផ្ដុំកងទ័ពជិត ១០០,០០០នាក់នៅក្បែរព្រំដែនអ៊ុយក្រែន ហើយចំនួនកងទ័ពដ៏ច្រើននេះបង្កការព្រួយបារម្ភថា ទីក្រុងម៉ូស្គូ កំពុងត្រៀមលក្ខណៈវាយប្រហារលើអ៊ុយក្រែន។ ប៉ុន្តែ រុស្ស៊ីបានច្រានចោលការចោទប្រកាន់បែបនេះ។ ដោយឡែក ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក៏បានសន្យាដែរថាលោកនឹងធ្វើអ្វីៗគ្រប់យ៉ាងតាមដែលអាចធ្វើទៅបាន ដើម្បរារាំងកុំឱ្យរុស្ស៊ីបើកការវាយប្រហារលើ ប្រទេសអ៊ុយក្រែន ដែលក្រុមមន្ត្រីជាន់ខ្ពស់អាមេរិក ព្រមានថាអាចនឹងកើតឡើងនៅខែមករា ឆ្នាំ២០២២។

ព័ត៌មានខាងលើស្ដីពីផែនការវាយប្រហាររបស់រុស្ស៊ី កើតមានឡើងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរស្ស៊ីប្រាប់សហរដ្ឋអាមេរិក កុំអនុញ្ញាតឱ្យអ៊ុយក្រែនចូលជាសមាជិកបក្សសម្ព័ន្ធ យោធា NATO ជាដាច់ខាត៕