(ញូដេលី)៖ ប្រទេសឥណ្ឌាបានប្រកាសរកឃើញករណី «វិជ្ជមានដំបូង» នៃវីរុសបំប្លែងថ្មី អូមីក្រុង (Omicron) លើបុរសពីរនាក់នៅក្នុងរដ្ឋ កាណាតាកា (Karnataka) ភាគខាងត្បូងប្រទេស ខណៈបណ្តាប្រទេសផ្សេងទៀតដូចជា សិង្ហបុរី កូរ៉េខាងត្បូង ក្រិក ហ្វាំងឡង់ និងហ្គាណាជាដើម សុទ្ធតែបានប្រកាសរកឃើញករណី «វិជ្ជមាន» ដំបូងៗនៃវីរុសបំប្លែងថ្មីនេះដូចគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាព្រឹកថ្ងៃសុក្រ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១។

ស្របពេលដែលពិភពលោក កំពុងភ័យខ្លាចការរាតត្បាតនៃមេរោគបំប្លែងថ្មី Omicron នោះ អ្នកជំនាញល្បីឈ្មោះម្នាក់របស់ឥណ្ឌាបានលើកឡើងប្រាប់សារព័ត៌មាន Bloomberg កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា Omicron ទំនងជាមិនអាចបង្កបញ្ហាចំពោះឥណ្ឌា ខ្លាំងដូចជាវីរុស Delta នោះឡើយ។ បន្ថែមពីនេះ ឥណ្ឌាក៏បាននិងកំពុងជំរុញល្បឿន នៃការចាក់វ៉ាក់សាំងបង្ការ COVID-19 នៅទូទាំងប្រទេសផងដែរ ដោយគិតត្រឹមពេលនេះ មនុស្សពេញវ័យសរុប ៤៥៤លាននាក់ ឬស្មើនឹង ៣២.៩% នៃចំនួនប្រជាជនសរុប (១.២៥ពាន់លាននាក់) បានទទួលការចាក់គ្រប់ដូស។

បើតាមអង្គការសុខភាពពិភពលោក (WHO) វីរុសបំប្លែងថ្មី Omicron បានឆ្លងកាត់ការបំប្លែងខ្លួនច្រើនដងបំផុត បើធៀបនឹងមេរោគ COVID-19 បំប្លែងខ្លួនមុនៗដែលយើងធ្លាប់បានស្គាល់ ហើយបានចាត់ទុកវាជាវីរុសស្ថិតក្នុងក្តី «ព្រួយបារម្ភ» ខណៈការស្វែងយល់អំពីឥទ្ធិពលពិតប្រាកដរបស់វា នៅតែកំពុងបន្តនៅឡើយ។ សម្រាប់ឥណ្ឌាផ្ទាល់ កាលពីដើមសប្តាហ៍នេះ ក៏បានដាក់ចេញនូវវិធានការរឹតត្បិតលើអ្នកដំណើរ មកពីតំបន់អាហ្វ្រិកខាងត្បូងរួចរាល់ហើយដែរ៕