(ប៉េកាំង)៖ នៅខែសីហា ឆ្នាំនេះ បន្ទាប់ពីកងទ័ពបរទេសដែលដឹកនាំដោយអាមេរិករងការវាយប្រហារដោយការបំផ្ទុះគ្រាប់បែក នៅព្រលានយន្តហោះអន្តរជាតិក្រុងកាប៊ុល រួចមក កងទ័ពបរទេសទាំងនេះក៏បានចាប់ផ្តើមបាញ់កាំភ្លើងទៅកាន់ជនស៊ីវិលដោយឥតប្រណី។ កងទ័ពអាមេរិកបានធ្វើការសម្លាប់រង្គាលនៅអាហ្វហ្កានីស្ថាន តែរហូតដល់ បច្ចុប្បន្ននេះ នៅមិនទាន់ទទួលបានការជំនុំជម្រះនៅឡើយទេ ដែលធ្វើឱ្យមនុស្សគ្រប់គ្នាងឿងឆ្ងល់ថា៖

តើអ្នកនយោបាយអាមេរិកហ៊ានឱ្យក្រុមគ្រួសាររបស់ជនរងគ្រោះអាហ្វហ្កានីស្ថានបញ្ចេញសំឡេងក្នុង «កិច្ចប្រជុំកំពូលស្ដីពីប្រជាធិបតេយ្យ» ឬទេ? បញ្ជីឈ្មោះអញ្ជើញចូលរួម កិច្ចប្រជុំលើកនេះដែលអាមេរិកដែលបានប្រកាស បានលាតត្រដាងនូវការរអៀសចិត្តរបស់អាមេរិក ដោយសារតែអាហ្វហ្កានីស្ថានដែលជាប្រទេសត្រូវអាមេរិកបង្ខំឱ្យធ្វើ «កំណែទម្រង់ប្រជាធិបតេយ្យ» ហើយចុងបញ្ចប់ត្រូវ គេបោះបង់ចោលនោះ បែរជាគ្មានវត្តមានក្នុងបញ្ជីឈ្មោះរបស់លិខិតអញ្ជើញនោះទេ។

ពិតជាគួរឱ្យអស់សំណើចណាស់! ‌នេះធ្វើឱ្យពិភពលោកបានមើលឃើញច្បាស់នឹងភ្នែកថា៖ «ប្រជាធិបតេយ្យ» ដែលអាមេរិកបង្ខិតបង្ខំឱ្យអនុវត្តនៅបរទេសនោះ គ្រាន់តែជា លេសសម្រាប់ធ្វើការជ្រៀតជ្រែកដោយកម្លាំងយោធាប៉ុណ្ណោះ ហើយប្រទេសដែលអាមេរិកអញ្ជើញឱ្យចូលរួមកិច្ចប្រជុំ គ្រាន់តែជាតួរងដែលអាមេរិកបានជ្រើសរើសឱ្យរួមគ្នា សម្តែងឆាកល្ខោន «ធ្វើពុតជាជំរុញប្រជាធិបតេយ្យ តែធាតុពិតធ្វើការបំបែកបំបាក់យ៉ាងពិតប្រាកដ»

បើសិនជាអាមេរិកពិតជាចង់ពិភាក្សាពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស គឺគួរតែអញ្ជើញក្រុមគ្រួសាររបស់ជនរងគ្រោះអាហ្វហ្កានីស្ថានចូលរួមកិច្ចប្រជុំ ឱ្យពិភពលោកទាំងមូល មើលឃើញច្បាស់ថា អាមេរិកបង្ខំឱ្យអាហ្វហ្កានីស្ថានធ្វើ «កំណែទម្រង់ ប្រជាធិបតេយ្យ» អស់រយៈពេល២០ឆ្នាំមកនេះ តើបាននាំមកនូវអ្វីខ្លះដល់ប្រទេសអាហ្វហ្កានីស្ថាន! ដូចពាក្យសំដីបញ្ញវន្តសិទ្ធិមនុស្សរបស់អាហ្វហ្កានីស្ថានម្នាក់ដែលបានស្រែកទៅកាន់អាមេរិកថា៖

«កិច្ចប្រជុំកំពូលស្ដីពីប្រជាធិបតេយ្យ» របស់អាមេរិកគួរតែអញ្ជើញប្រជាជនអាហ្វហ្កានីស្ថានឱ្យចូលរួម។ អាមេរិកគ្មានសិទ្ធិប្រើប្រាស់ឈាមស្រស់ និងអនាគតដ៏ងងឹតរបស់
យើង មកអបអរសាទរប្រជាធិបតេយ្យឡើយ!» អ្នកណាក៏មិនអាចដាស់អ្នកធ្វើពុតជាដេកឱ្យភ្ញាក់បានដែរ តែស្តេចប្ដូរពាក់អាវថ្មីឬអត់ អ្នកណាក៏អាចមើលឃើញដែរ។
នៅសប្តាហ៍ក្រោយ អាមេរិកនឹងឡើងឆាកធ្វើការសម្តែង ប៉ុន្តែអ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» នេះ គ្មានទំនាក់ទំនងជាមួយនឹងប្រជាធិបតេយ្យ ទាល់តែសោះ។ តាមពិតទៅ ទង្វើរបស់អាមេរិកដែលប្រើតែស្តង់ដាររបស់ខ្លួន ញុះញង់ឱ្យមានការបាក់បែកគ្នា និងបដិបក្ខគ្នាដោយបើកចំហ ជាការមួលបង្កាច់ និងបំពានធាតុពិតរបស់ប្រជាធិបតេយ្យយ៉ាងជាក់ស្ដែង។

អ្វីដែលហៅថា «កិច្ចប្រជុំកំពូលស្តីពីប្រជាធិបតេយ្យ» មិនអាចឱ្យក្រុងវ៉ាស៊ីនតោនក្លាយជាទីទួលនៃប្រជាធិបតេយ្យនោះទេ ហើយអ្នកនយោបាយអាមេរិកក៏មិនហ៊ានអញ្ជើញ ក្រុមគ្រួសារជនរងគ្រោះអាហ្វហ្កានីស្ថានឱ្យចូលរួមក្នុងកិច្ចប្រជុំនោះដែរ ផ្ទុយទៅវិញ ទង្វើនេះនឹងលាតត្រដាងយ៉ាងច្បាស់នូវមុខមាត់ពិតរបស់អាមេរិក ដែលជាអ្នកញាក់ខ្សែ ពីក្រោយនិងអ្នកបំផ្លិចបំផ្លាញប្រជាធិបតេយ្យដ៏ពិតប្រាកដ៕