(អាហ្វ្រិកខាងត្បូង)៖ អាជ្ញាធរសុខាភិបាលនៃប្រទេសអាហ្វ្រិកខាងត្បូង បានឱ្យដឹងថាវីរុសបំប្លែងថ្មី Omicron អាចបង្កហានិភ័យខ្ពស់ជាង៣ដង នៃការលាប់ ឬឆ្លងជំងឺ COVID-19 ឡើងវិញ បើធៀបទៅនឹងវីរុសបំប្លែងថ្មី Delta និង Beta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

បើតាមអាជ្ញាធរសុខាភិបាលអាហ្វ្រិកខាងត្បូង ការសិក្សា និងភស្ដុតាងចុងក្រោយបំផុតមួយបានបង្ហាញថា វីរុសបំប្លែងថ្មី Omicron មានសមត្ថភាពទម្លុះប្រព័ន្ធភាពសុំានៃ អ្នកដែលធ្លាប់បានឆ្លង COVID-19 ម្ដងរួចហើយ ហើយការសន្មត់បែបនេះកើតមានឡើង ចំពេលអត្រាអ្នកលាប់ជំងឺ COVID-19 ឡើងវិញមានកើនឡើងដោយសារតែ Omicron។ ការសន្មត់នេះធ្វើឡើងដោយផ្អែកលើទិន្នន័យវិភាគនៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង រាប់ចាប់ពីខែមីនា ឆ្នាំ២០២០ រហូតដល់ខែថ្ងៃទី២៧ វិច្ឆិកា ឆ្នាំ២០២១នេះ ដោយបង្ហាញថាអត្រាលាប់ជំងឺឡើងវិញបង្កឡើងដោយ Omicron គឺមានហានិភ័យខ្ពស់ជាង៣ដង បើធៀបទៅនឹងវីរុសបំប្លែងថ្មី Beta និង Delta។

គួរបញ្ជាក់ថា ប្រទេសអាហ្រ្វិកខាងត្បូងបានរាយការណ៍ពីការកើនឡើងករណីឆ្លង COVID-19 ឡើងវិញភ្លាមៗ ដោយគ្រាន់តែកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ករណីឆ្លង ១១,៥៣៥ករណីត្រូវបានរាយការណ៍ ធៀបទៅនឹង៣១២ករណីកាលពីថ្ងៃពុធ។ ការកើនឡើងករណីឆ្លងនេះត្រូវបានគេជឿជាក់ថាមានជាប់ពាក់ព័ន្ធនឹងវីរុសបំប្លែងថ្មី Omicron តែមិនទាន់មានទិន្នន័យបញ្ជាក់ថាវាមានភាពកាចសាហាវកម្រិតណាទេ៕