(ប្រ៊ុចសែល)៖ ទីភ្នាក់ងារសុខភាពសាធារណៈរបស់សហភាពអឺរ៉ុបបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា វីរុសកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron អាចនឹងទទួលខុសត្រូវជាងពាក់កណ្តាល នៃករណីឆ្លងនៅទ្វីបអឺរ៉ុបក្នុងរយេៈពេលពីរបីខែទៀត។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។

មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺអ៊ឺរ៉ុប (ECDC) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យោងទៅតាមគំរូគណិតវិទ្យាដែលធ្វើឡើងដោយ ECDC មានសញ្ញាថា Omicron អាចបណ្តាលឱ្យមានច្រើនជាងពាក់កណ្តាល នៃករណីឆ្លងកូវីដ១៩ នៅក្នុងទ្វីបនាពីរបីខែបន្ទាប់ទៀតនេះ»។

រហូតមកដល់ពេលនេះ មិនទាន់មានភ័ស្តុតាងបញ្ជាក់ណាមួយអំពីការឆ្លងនៃ Omicron នៅឡើយទេ ប៉ុន្តែលោកស្រី Maria van Kerkhove ដែលជាប្រធាននៃ COVID-19 នៅអង្គការសុខភាពពិភពលោកបាននិយាយកាលពីថ្ងៃពុធថា ទីភ្នាក់ងាររំពឹងថានឹងទទួលបានទិន្នន័យនេះក្នុងរយៈពេលពីរបីថ្ងៃ។

គួរបញ្ជាក់ថា មកដល់ពេលនេះអឺរ៉ុបបានកត់ត្រាការឆ្លង នៃវីរុសបំប្លែងខ្លូនថ្មី Omicron ដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងកាលពីខែមុន រាប់សិបករណីរួចស្រេចហើយ៕