(ប៉ារីស)៖ ទីប្រឹក្សាផ្នែកវិទ្យាសាស្ត្រនៃរដ្ឋាភិបាលបារាំង បានព្យាករថាវីរុស COVID-19 បំប្លែងថ្មី Omicron អាចនឹងក្លាយជាវីរុសសម្បូរជាងគេនៅក្នុងប្រទេសបារាំង នៅដំណាច់ខែមករា ឆ្នាំ២០២២ ដោយវានឹងគ្របដណ្ដប់លើករណីឆ្លងវីរុសបំប្លែងថ្មី Delta។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០២ ខែធ្នូ ឆ្នាំ២០២១។

លោក ហ្សង់-ហ្រ្វង់ស័រ ឌែលហ្វ្រែសស៊ី (Jean-Francois Delfraissy) ធ្វើការកត់សម្គាល់ខាងលើនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍បារាំង BFM នៅថ្ងៃព្រហស្បតិ៍នេះ ប៉ុន្តែព្រមពេលជាមួយគ្នា លោកយល់ថាវីរុសបំប្លែងថ្មី Delta ដែលកំពុងកំពុងបង្ករលកឆ្លងទី៥ និងរ៉ាប់រងករណីឆ្លង COVID-19 ក្នុងប្រទេសបារាំង នៅតែជាសត្រូវទីមួយ ដដែល។

លោក ហ្សង់-ហ្រ្វង់ស័រ បានបញ្ជាក់ដូច្នេះថា «យើងអាចនឹងបានឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron កើនឡើង ហើយវាអាចនឹងគ្របដណ្ដប់លើករណីឆ្លងវីរុសបំប្លែងថ្មី Delta នៅដំណាច់ខែមករា ឆ្នាំ២០២២»។ លោកបន្ថែមថាពិធីបុណ្យណូអែល អាចប្រព្រឹត្តទៅដោយគ្មានហានិភ័យ ប្រសិនបើវិធានការបង្ការនានាត្រូវបានអនុវត្ត យ៉ាងខ្ជាប់ខ្ជួនដូចជាពាក់ម៉ាស, រក្សាគម្លាតសុវត្ថិភាព និងចាក់វ៉ាក់សាំងបង្ការដូសជំរុញជាដើម។

គួរបញ្ជាក់ថា បារាំងបានរាយការណ៍ពីការរកឃើញ COVID-19 ថ្មីជិត ៥០,០០០ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ស្របពេលអាជ្ញាធរសុខាភិបាលបារាំង បានទទួលស្គាល់ពីការរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron លើកដំបូង នៅលើមនុស្សម្នាក់ដែលទើបតែធ្វើដំណើរត្រឡប់មកពីប្រទេសនីហ្សេរីយ៉ា៕