(វ៉ាស៉ីនតោន)៖ នៅក្នុងរយៈពេល ២៤ម៉ោងកន្លងទៅនេះ មនុស្សសរុប ១០៦,៨៧៦នាក់ទៀត បានឆ្លងជំងឺ COVID-19 ខណៈអ្នកជំងឺ ១,៤៣៨នាក់ បានស្លាប់នៅក្នុងរយៈពេលដូចគ្នា នៅទូទាំងសហរដ្ឋអាមេរិក។ នេះបើតាមការដកស្រង់ទិន្នន័យចេញពីគេហទំព័រ Worldometers នាព្រឹកថ្ងៃពុធ ទី០១ ខែធ្នូ ឆ្នាំ២០២១។

ក្រោយការបូកសរុបទិន្នន័យបន្ថែមខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបនៅទូទាំងសហរដ្ឋអាមេរិកកើនឡើងដល់ ៤៩,៤២៨,៩១៣ករណី ក្នុងនោះមានអ្នកស្លាប់សរុបចំនួន ៨០៣,០៤៥នាក់ និងជាសះស្បើយឡើងសរុប ៣៩.២លាននាក់។ សម្រាប់ចំនួនប្រជាជនសរុប ដែលកំពុងរស់នៅលើទឹកដីសហរដ្ឋអាមេរិកគឺជាង ៣៣២លាននាក់។

លោកប្រធានាធិបតី ចូ បៃដិន បានណែនាំប្រជាជនអាមេរិកទាំងអស់ កុំឲ្យមានភាពតក់ស្លុតចំពោះវីរុសបំប្លែងថ្មី Omicron នោះឲ្យសោះ ខណៈសហរដ្ឋអាមេរិកកំពុងតាមដានស្ថានការណ៍នេះនៅឡើយ ហើយនឹងអាចពិភាក្សាជាមួយក្រុមហ៊ុនផលិតឱសថនានា ថាតើគួរមានវ៉ាក់សាំងថ្មីដើម្បីទប់ទល់វីរុសនេះ ដែរឬក៏យ៉ាងណា។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ សហរដ្ឋអាមេរិកបានចាក់វ៉ាក់សាំងបង្ការជំងឺ COVID-19 សរុបចំនួនជាង ៤៥៩លានដូស ក្នុងនោះប្រជាជន ២៣២.៧៩លាននាក់ (៧០.៧% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់យ៉ាងហោចណាស់ ១ដូស, ១៩៥.៣លាននាក់ (៥៩.៣% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់គ្រប់ដូស និង ៤០.១៧លាននាក់ (១២.២% នៃចំនួនប្រជាជនសរុប) បានទទួលការចាក់ដូសជំរុញ៕