(ហុងកុង)៖ ទីក្រុងហុងកុងបានសម្រេចចិត្តហាមអ្នកដំណើរ ដែលមិនមែនជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ មកពីប្រទេសអាហ្រិ្វកចំនួន ៤ ចូលមកក្នុងដែនដីរបស់ខ្លួន ហើយក៏មានផែនការពង្រីកវិសាលភាពនេះ លើអ្នកដំណើរដែលធ្លាប់បានស្ថិតនៅក្នុងប្រទេសអូស្ត្រាលី, កាណាដា, អ៉ីស្រាអែល និងប្រទេសអឺរ៉ុបចំនួន ៦ ក្នុងរយៈពេល ២១ថ្ងៃ កន្លងទៅនេះផងដែរ ដោយសារភ័យខ្លាចពីវីរុសបំប្លែងថ្មី អូមីក្រុង (Omicron)។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅរសៀលថ្ងៃអង្គារ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយ រដ្ឋបាលទីក្រុងហុងកុងបានឱ្យដឹងទៀតថា អ្នកដំណើរមិនមែនជាអ្នកស្នាក់នៅអចិន្ត្រៃយ៍មកពីប្រទេស អង់ហ្គូឡា, អេត្យូពី, នីហ្សេរីយ៉ា និងហ្សំប៊ី នឹងមិនត្រូវបានអនុញ្ញាតឱ្យចូលមកក្នុងដែនដីហុងកុងឡើយ ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកានេះតទៅ។

ចំណែកឯអ្នកដំណើរជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ អាចត្រឡប់មកកាន់ទីក្រុងហុងកុងវិញបាន ប្រសិនបើពួកគេបានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 ពេញលេញ ប៉ុន្តែត្រូវឆ្លងកាត់ការធ្វើចត្តាឡីស័ករយៈពេល «៧ថ្ងៃ» នៅតាមមណ្ឌលរៀបចំដោយអាជ្ញាធរ និងរយៈពេល «២សប្ដាហ៍ទៀត» នៅឯសណ្ឋាគារមួយដោយត្រូវ «ចំណាយថ្លៃចាយវាយដោយខ្លួនឯង»។

បន្ថែមពីលើនេះ អ្នកដំណើរមិនមែនជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ ដែលធ្លាក់ស្នាក់នៅក្នុងប្រទេសអូស្ត្រាលី, អូទ្រីស, ប៊ែលហ្សិក, កាណាដា, សាធារណរដ្ឋឆែក, ដាណឺម៉ាក, អ៉ីស្រាអែល, និងអ៉ីតាលី ក្នុងរយៈពេល «២១ថ្ងៃកន្លងទៅនេះ» ក៏នឹងមិនត្រូវបានអនុញ្ញាឱ្យចូលមកក្នុង ដែនដីហុងកុងផងដែរ ចាប់ពីថ្ងៃទី០២ ខែធ្នូក្រោយនេះតទៅ ខណៈអ្នកដំណើរស្នាក់នៅអចិន្ត្រៃយ៍បានចាក់វ៉ាក់សាំងពេញលេញ មកពីបណ្ដាប្រទេសទាំងនេះ នឹងត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ក នៅឯសណ្ឋាគាររយៈពេល «៣សប្ដាហ៍»។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន, ទីក្រុងហុងកុងក៏បានហាមអ្នកដំណើរ ដែលមិនមែនជាអ្នកស្នាក់នៅអចិន្ត្រៃយ៍ មកពីប្រទេសអាហ្វ្រិកខាងត្បូង, បុតស្វាណា, អេស្វាទីនី, ឡេសូតូ, ម៉ូហ្សំប៊ិក, ណាមីបៀ និងហ្ស៊ីមបាវ៉េ ចូលក្នុងដែនដីរបស់ខ្លួនផងដែរ បន្ទាប់ពីរកឃើញករណីឆ្លងវីរុសបំប្លែងថ្មី Omicron ចំនួន ៣ ករណី៕